(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកការទទួលបញ្ញើ ផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ ដោយសារតែវិបត្ត COVID-19 កំពុងរាតត្បាត ធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវអាកាស អាក់ខានស្ទើរទាំងស្រុង។
យោងតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គូសបញ្ជាក់ថា ប្រៃសណីយ៍កម្ពុជា នឹងជូនដំណឹងអំពីការបើកទទួលផ្ញើបញ្ញើឡើងវិញ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,២៥០,៧៣៥ករណី ក្នុងនោះស្លាប់ ១៥៤,២៤១នាក់ និងជាសះស្បើយឡើងវិញ ៦១២,០៧១នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។
វិបត្តនៃជំងឺនេះ បានបង្ខំឲ្យប្រទេសនានា ត្រូវសម្រេចចិត្តបិទប្រទេសរបស់ខ្លួន ជាបណ្តោះអាសន្នមួយរយៈសិនផងដែរ ដើម្បីការពារ និងបង្ការការរីករាលដាលកាន់តែខ្លាំង៕