(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រុកបាភ្នំ ដឹកនាំដោយលោក ព្រុំ សុខា អមដំណើរដោយលោក រស់ វរុណ ប្រធានក្រុមការងារឃុំស្ពឺ (ខ) រួមជាមួយសហការី និងអាជ្ញាធរស្រុកព្រមទាំងមន្ត្រីរាជការនៅមូលដ្ឋាន បានចុះទៅជួបសំណេះសំណាល សួរសុខទុក្ខកម្មករ ពលករចំណាកស្រុកក្នុងភូមិចាន់រ៉ា (ក) ចាន់រ៉ា (ខ) និងភូមិព្រៃចំការនៃឃុំស្ពឺ (ខ)។
សូមបញ្ជាក់ថា ចាប់ពីដើមខែមេសាមក ទូទាំងស្រុកបាភ្នំមានកម្មករ ពលករចំណាកស្រុកប្រមាណជិត៩ពាន់នាក់បានវិលមកកាន់ស្រុកកំណើតវិញ ប៉ុន្តែក្រោយពេលបុណ្យចូលឆ្នាំថ្មីមានបងប្អូនប្រមាណជាង២ពាន់នាក់ ក៏បានវិលត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតនៅភ្នំពេញនិងកន្លែងផ្សេងៗទៀតវិញ។
ហេតុនេះ គិតត្រឹមថ្ងៃទី១៨ មេសា មានបងប្អូនកម្មករ ពលករចំណាកស្រុកជាង៧ពាន់នាក់ដែលបាត់បង់ការងារ និងមុខរបរដោយសារវិបត្តិកូវីដ១៩ បានបន្តរស់នៅជួបជុំគ្រួសារក្នុងភូមិ ឃុំកំណើតរបស់ខ្លួនវិញ ហើយក្នុងនោះជាង៩០ភាគរយគឺជាកម្មករ ពលករផ្នែកសំណង់និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារស្រុកបាភ្នំ បានលើកឡើងពីផលប៉ះពាល់នៃវិបត្តិជាសកលបណ្តាលមកពីជំងឺកូវីដ១៩ ដែលស្ទើរតែគ្រប់ប្រទេសលើពិភពលោកកំពុងតែជួបប្រទះ។
ដោយឡែកនៅកម្ពុជាយើង មកទល់ថ្ងៃនេះ ទោះបីជំងឺកូវីដ១៩ មិនទាន់ឆ្លងរាលដាលចូលក្នុងសហគមន៍ភូមិ ឃុំក៏ដោយក្តី ប៉ុន្តែយើងមិនត្រូវព្រងើយកន្តើយបាត់ការប្រុងប្រយ័ត្នក្នុងការចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ បង្ការជំងឺដ៏កាចសាហាវនេះបានឡើយ ពោលគឺត្រូវបន្តពង្រឹងការអនុវត្តដោយខ្ជាប់ខ្ជួននូវរាល់វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលជាអាទិ៍៖ ការរក្សាអនាម័យជាប់លាប់ដោយត្រូវលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ការរក្សាគម្លាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងពេលប្រាស្រ័យទាក់ទងគ្នាឱ្យបានជាប់លាប់ ដោយចៀសវាងឱ្យបានជាដាច់ខាតនូវការចូលរួមក្នុងពិធីផ្សេងៗដែលមានមនុស្សប្រមូលផ្តុំច្រើន ហើយជាការប្រសើរបំផុតប្រសិនមិនចាំបាច់ ត្រូវខំអត់ធ្មត់ស្នាក់នៅមិនចេញក្រៅផ្ទះ។ល។
ទន្ទឹមនឹងនោះ ត្រូវរាយការណ៍បន្ទាន់ឱ្យក្រុមគ្រូពេទ្យឬមណ្ឌលសុខភាពអំពីករណីសង្ស័យថាមានការឆ្លងកូវីដ១៩ ដើម្បីទទួលការឆ្លើយតប ដោះស្រាយឱ្យទាន់ពេលវេលា។
ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមកិច្ច មកលើជីវភាពរបស់បងប្អូនកម្មករ ពលករចំណាកស្រុក លោកប្រធានក្រុមការងារបានគូសបញ្ជាក់ថា ដើម្បីរួមចំណែកប្រឈមមុខផលវិបាកទាំងនេះ ក្រៅពីគោលនយោបាយនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល រួមជាមួយនឹងការជ្រោមជ្រែងរបស់ក្រុមការងារនានានៅក្នុងមូលដ្ឋាន យើងត្រូវបន្តរួមគ្នាពុះពារជម្នះរាល់ការលំបាក ប្រការសំខាន់បំផុតចំពោះមុខគឺការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់ដើម្បីរក្សាស្ថេរភាពជីវភាពប្រចាំថ្ងៃ ដោយត្រូវរួមសាមគ្គីបង្កបង្កើនផលកសិកម្ម ជួយយកអាសារគ្នាទៅវិញទៅមក ឆ្លងឱ្យផុតគ្រោះកំណាចជាបណ្តោះអាសន្ននេះ ហើយត្រូវមានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន យើងពិតជាប្រយុទ្ធឈ្នះកូវីដ១៩ ឆ្លងកាត់បានរាល់គ្រោះភ័យទាំងពួង និងជម្នះដោះស្រាយបានរាល់ផលប៉ះពាល់ទាំងឡាយនៃវិបត្តិកូវីដ១៩នេះ ដើម្បីរក្សាការពារជីវភាពជាប្រក្រតីឡើងវិញរបស់គ្រួសារនីមួយៗ របស់សហគមន៍នីមួយៗ សំដៅបន្តរក្សាការពារសុខសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តរបស់សង្គមជាតិយើងក្នុងពេលអនាគត។
ជាមួយគ្នានោះដែរ ក្រុមការងារក៏បានចែកជូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ នូវសម្ភារៈមានម៉ាសពាក់មុខ សាប៊ូលាងដៃនិងស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន៕