(ម៉ិកស៊ិក)៖ អគ្គព្រះរាជអាជ្ញានៃប្រទេសម៉ិកស៊ិក បានថ្លែងប្រាប់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែមករានេះថា ស្ដេចរត់ពន្ធគ្រឿងញៀន Joaquin "El Chapo" Guzman ឬហៅ El Chapo ដែលបានរត់គេចខ្លួនអស់រយៈពេលជាច្រើនខែមកហើយនោះ ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ។
ប្រធានាធិបតីម៉ិកស៊ិក លោក Enrique Peña Nieto បានប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា «បេសកកម្មចាប់ខ្លួនស្ដេចរត់ពន្ធគ្រឿងញៀនគឺទទួលបានជោគជ័យ» ដោយក្នុងនោះកម្លាំងជើងទឹកម៉ិកស៊ិក បានចាប់ខ្លួនលោក El Chapo រួមទាំងបក្ខពួកមួយចំនួនទៀត។
នៅម៉ោងប្រមាណជា ៤៖៣០នាទីព្រឹកថ្ងៃសុក្រម្សិលមិញនេះ កងកម្លាំងជើងទឹកម៉ិកស៊ិក បានចេញប្រតិបត្តិការតាមចាប់ខ្លួនស្ដេចគ្រឿងញៀននេះ នៅតំបន់ឆ្នេរសមុទ្រនៃទីក្រុង Los Mochis ក្នុងរដ្ឋ Sinaloa ដោយក្នុងនោះបក្ខពួករបស់ El Chapo ចំនួន ៥នាក់បានស្លាប់ និង៦នាក់ត្រូវបានចាប់ខ្លួន។
អធិរាជជួញដូរគ្រឿងញៀនរូបនេះ បានរត់គេចចេញពីគុកក្នុងប្រទេសម៉ិកស៊ិក កាលពីខែកក្កដា ឆ្នាំ២០១៥ តាមរយៈរូងក្រោមដី ដែលមានរយៈចម្ងាយរហូតដល់ ១,៥គីឡូម៉ែត្រ និងមានទទឹងជិត ១ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ ហើយបើតាមតាមអ្នកជំនាញបានឲ្យដឹងថា គម្រោងរត់គេចពីគុកនេះ ប្រើរយៈពេលជាង ១ឆ្នាំ និងចំណាយលុយ ៥០លានដុល្លារអាមេរិក។
តើការចំណាយលុយនេះ ត្រូវបានធ្វើឡើងដោយរបៀបណា?
យោងតាមសេចក្ដីរាយការណ៍របស់កាសែត Wall Street Journal បានឲ្យដឹងថា ស្ដេចរត់ពន្ធគ្រឿងញៀនរូបនេះ បានប្រើបក្សីក្នុងការសាកល្បងទៅលើកម្រិត និងសម្ពាធខ្យល់នៅក្នុងរូងក្រោមដី ដែលបានជីក ព្រោះថា នៅក្រោយពេលគេចខ្លួនបាន ក្រុមស៊ើបអង្កេតបានប្រទះឃើញសាកសពបក្សីមួយ នៅក្នុងធុងសំរាមក្នុងបន្ទប់របស់ Guzman។
ក្រុមមន្ត្រីជំនាញបានឲ្យដឹងថា បក្សីនេះប្រហែលជាត្រូវបានក្រុមការងារ របស់ស្ដេចគ្រឿងញៀន ប្រើដើម្បីសាកល្បងសម្ពាធខ្យល់ ព្រោះថារូងក្រោមដីនោះ មានរយៈចម្ងាយរហូតដល់ ១,៥គីឡូម៉ែត្រ និងមានទទឹងជិត ១ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ។
Joaquin (El Chapo) Guzman ធ្លាប់រត់គេចពីគុកម្ដងរួចទៅហើយ កាលពីឆ្នាំ ២០០១ បន្ទាប់ពីចាប់ខ្លួនកាលពីឆ្នាំ ១៩៩៣ ដោយនៅពេលនេះ Guzman រត់គេចខ្លួនតាមរយៈរទេះបោកគក់ រួចគេចខ្លួនតាមរថយន្ត ដោយគម្រោងនៃការរត់គេចខ្លួននោះ មានមនុស្សជិត ១០០នាក់ បានចូលរួមនិងចំណាយលុយ ២,៥លានដុល្លារអាមេរិក និងបានរស់នៅក្រោមដីអស់រយៈពេលជាច្រើនឆ្នាំ ទើបចាប់ខ្លួនបានម្ដងទៀតកាលពីដើមឆ្នាំ ២០១៤។
គួរបញ្ជាក់ផងដែរថា បើយោងតាមការព័ត៌មានដែលមាននៅលើគេហទំព័រ Wikipedia បានឲ្យដឹងថា នៅពីក្រោយខ្នងស្ដេចជួញដូរគ្រឿងញៀនម្នាក់នេះ គឺមានក្រុមជំនាញជាច្រើន ពាក់ព័ន្ធនឹងការជីករូងក្រោមដី ព្រោះថា ក្រោយពេលដែលរត់គេចខ្លួនបានកាលពីឆ្នាំ២០០១ ស្ដេចគ្រឿងញៀនរូបនេះ បានរត់ក្រោមដី ដោយមានផ្លូវក្រោមដីចំនួន ៦កន្លែង តភ្ជាប់គ្នាពីផ្ទះមួយទៅកាន់ផ្ទះមួយទៀត ដោយផ្លូវក្រោមដីនេះ មិនត្រូវបានគេដឹងឡើយ រហូតដល់ដើមឆ្នាំ ២០១៤ នៅពេលឆាប់ខ្លួនបានម្ដងទៀត ទើបដឹងថា ស្ដេចគ្រឿងញៀនរូបនេះរស់នៅក្រោមដី៕
ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីការចាប់ខ្លួនស្ដេចគ្រឿងញៀន Guzman នៅនៅតំបន់ឆ្នេរសមុទ្រនៃទីក្រុង Los Mochis ក្នុងរដ្ឋ Sinaloa
វីដេអូបង្ហាញពីរូងក្រោមដី ដែលស្ដេចគ្រឿងញៀនរូបនេះ ប្រើសម្រាប់រត់គេចគុក