(ព្រះសីហនុ)៖ នាឱកាសចុះពិនិត្យមើលដំណើរការចាប់ផ្តើមសាងសង់ វិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស (ផ្លូវលេខ១៤៦បេ) នៅខេត្តព្រះសីហនុ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសាងសង់ផ្លូវនេះគ្រោងចំណាយថវិកា ៧៦,៨៨៨,០០០ ដុល្លារអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារ ដែលជាថវិកាសន្សំរបស់ជាតិ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដើម្បីពិនិត្យគុណភាពនៃការសាងសង់ សំដៅធានាឱ្យបានតាមស្តង់ដា ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប ៤៣.០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូ AC កម្រាស់ ៩ សង់ទីម៉ែត្រ ប្រវែង ២០.៦៧៨ គីឡូម៉ែត្រ និងចាក់បេតុង សរសៃដែកកម្រាស់ ២៦ សង់ទីម៉ែត្រប្រវែង ២២.៣៤៧ គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ពន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយប្រើប្រាស់រយ:ពេលសាងសង់ចំនួន ២៨ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នំា២០២០។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ក៏ដូចជាពលរដ្ឋរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួលឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រជាដើម។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យវឌ្ឍនភាពសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៦.៧០ គីឡូម៉ែត្រ គិតចាប់ពីគីឡូម៉ែត្រលេខ ២១៦+០០០ ដល់គីឡូម៉ែត្រលេខ ២២២+៧០០ ដោយពង្រីកទទឹងតួផ្លូវរហូតដល់ ២៩ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ គ្រោងចំណាយពេលសាងសង់ ១៨ ខែ អនុវត្តការសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគិតត្រឹមចុងសប្ដាហ៍ទី២ នៃខែមេសា ឆ្នាំ២០២០ គម្រោងនេះសម្រេចបាន ៤.៨១% ហើយ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានសាងសង់ និងសៀវភៅបន្ទុកដែលបានព្រមព្រៀង៕