(កំពង់ចាម)៖ សម្ភារការពារខ្លួនពីជំងឺ COVID-19 ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ត្រូវបានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាល ស្រុកព្រៃឈរ នាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៥ឃុំ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។

ពិធីចែកអំណោយនេះ ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលស្រុកព្រៃឈរ ដឹកនាំដោយលោក ជ្រុន ថេរ៉ាវ៉ាត, លោក ហេង ណន និងលោក ហ៊ុល ប៊ុនថា។

អំណោយទាំងអស់នោះរួមមាន៖ អង្ករចំនួន៤តោន សម្រាប់ចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត, ម៉ាស់ចំនួន ២០,០០០ម៉ាស់, ទឹកអាល់កុល (១០លីត្រ) ចំនួន១៦ធុង, ទឹកអាល់កុលដបតូច (១០០មីល្លីលីត្រ) ចំនួន២៥០ដប, ប័ណ្ណ (Poster) ចំនួន៤០០សន្លឹក និងថវិកាចំនួន ៦,៤០០,០០០រៀល។

ក្នុងនោះក្រុមការងារជនបង្គោល បានយកទៅប្រគល់ជូនក្រុមការងារយុវជនគណបក្សស្រុក និងក្រុមការងារយុវជនគណបក្សឃុំទាំង១៥ ដើម្បីបើកយុទ្ធនាការចុះផ្សព្វផ្សាយ, បង្ការ, ទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺ COVID-19 រយ´ពេល១ថ្ងៃពេញ នៅគ្រប់ឃុំទាំង១៥ទូទាំងស្រុកព្រៃឈរ។

សូមបញ្ជាក់ថា នេះគឺជាការឧបត្ថម្ភលើកទី២ របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ចំពោះស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលលើកទី១ត្រូវបានធ្វើឡើងនៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០កន្លងទៅ៕