(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ៥គ្រឿង ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ និងកំពុងបន្តផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋធ្វើអនាម័យ និងថែទាំសុខភាពជាប្រចាំ ដើម្បីចៀសផុតពីជំងឺឆ្លងនេះ។
អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តលោកអ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីការពារការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ៥គ្រឿង ដាក់នៅចំណុចក្លោងទ្វាររដ្ឋបាលខេត្ត សំខាន់ៗនៃសាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានឲ្យដឹងដែរថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាម គ្មានអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតទេ ពោល អ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ១៦នាក់ នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយអស់ហើយ។
ទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត បានបញ្ជាក់ថា គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម កំពុងបន្តធ្វើការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យ ថែទាំសុខភាព ដើម្បីជៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នេះ ផងដែរ៕