(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់សាលាដំបូងខេត្តកំពង់ធំ បានថ្លែងប្រាប់ Fresh News ឲ្យដឹងនៅមុននេះបន្តិចថា ជនសង្ស័យដែលជាយុវជន សរសេរសារ គំរាមសម្លាប់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជូនទៅដល់ សាលាដំបូងខេត្តកំពង់ធំហើយ, ហើយនៅពេលនះ ចៅក្រមស៊ើបសួរ កំពុងសួរនាំ។
កាលពីម្សិលមិញ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ថា សំណុំរឿងយុវជនម្នាក់ ដែលគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតុលាការក្រុង ភ្នំពេញ សម្រេចបង្វែរសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំវិញ ក្រោមហេតុផលថា ករណីនោះបានកើតឡើងនៅលើទឹកដី ខេត្តកំពង់ធំ។
សូមជំរាបថា យុវជនម្នាក់ដែលបានសរសេរសារគំរាមសម្លាប់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នៅរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរតាំងពីព្រឹករហូតដល់យប់។ យុវជនម្នាក់នេះ មានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម្សិលមិញ ស្ថិតនៅឃុំកោះ ស្រុកសន្ទុក ហើយបញ្ជូនមក សាលាដំបូងរាជធានីភ្នំពេញ។ យុវជនខាងលើ ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទប្រមាថ និងបទគំរាមសម្លាប់ តាមមាត្រា៥០២ និង២៣៣ នៃច្បាប់ព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ៕