(ភ្នំពេញ)៖ នាឱកាសខួប ៤៥ ឆ្នាំនៃការកាន់កាប់អំណាចរបស់ពួកខ្មែរក្រហម ១៧ មេសា ១៩៧៥ ដល់ ១៧ មេសា ២០២០ នេះ អ្នកសារព័ត៌មានជើងចាស់ លោកសាស្ត្រាចារ្យ ឆាយ សុផល បានចារឹកនូវវិប្បយោគអក្ខរារំឭកពីប្រវត្តិកម្សត់ជូរចត់ ការព្រាត់ប្រាស់មាតាបិតាជាទីរគោរពស្រលាញ់ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការតស៊ូរស់នៅចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ការប្រកបអាជីពជាអ្នកសារព័ត៌មានតាំងពីក្រោយថ្ងៃរំដោះ រហូតដល់សម័យសុខសន្តិភាពនាពេលបច្ចុប្បន្ន។
សេចក្ដីដើមនៃវិប្បយោគអក្ខរារបស់លោកសាស្ត្រាចារ្យ ឆាយ សុផល មានដូចតទៅ៖
លោកប៉ា! ដោយសារសង្រ្គាម ប៉ាបានបែកពីកូន ពេលកូនអាយុទើបតែ ៨ឆ្នាំ ហើយនៅឆ្នាំ១៩៧៥ ប៉ាបានទៅរហូតគ្មានថ្ងៃវិលវិញ។ ឆ្នាំ១៩៧៥ កូនមានវ័យជំទង់អាយុ ១២ឆ្នាំ បានរស់នៅបែកពីអ្នកម៉ាក់ នៅក្នុងកងកុមារចល័តរបស់អង្គការ ក្រោមទង់បដិវត្តន៍ដ៏ក្រហមឆ្អិនឆ្អៅ ធ្វើពលកម្មស្ទើរស្លាប់ ដេកស៊ីមិនគ្រប់ គ្មានបានរៀនសូត្រអ្វីឡើយ ក្រៅតែពីទទួលមនោគមវិទ្យាស្រលាញ់អង្គការ ធ្វើការដើម្បីអង្គការ និងធ្វើអ្វីៗដើម្បីអង្គការ ហើយបើនរណាក្បត់អង្គការ សូម្បីតែឪពុកម្តាយ បងប្អូនបង្កើត ក៏ត្រូវតែកម្ទេច (សម្លាប់)។
៧ មករា ១៩៧៩ ទើបកូនបានជួបម៉ាក់ ហើយវិលមកភ្នំពេញវិញ ដោយបាតដៃទទេនៅឆ្នាំ១៩៨០។ តើប៉ាមានដឹងទេថា ពេលកូនបានជួបម៉ាក់ហើយ កូន ម៉ាក់ និងប្អូនៗបានបន្តរត់កាត់គ្រាប់កាំភ្លើងតូចធំ គ្រាប់ផ្លោង និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ ជីកត្រង់សេរ (រណ្ដៅលាក់ខ្លួន) និងដេកក្នុងព្រៃ ឃើញអ្នករបួស និងសាកសព។
មុនមកភ្នំពេញ ឆ្លៀតពេលក្រៅម៉ោងរៀន កូនស៊ីឈ្នួលឡើងដូង ឡើងត្នោតកាប់ស្លឹក រកគាវត្នោត វេញខ្សែគោ ដេរស្លឹកកន្តប ស៊ីឈ្នួលដកស្ទូង ភ្ជួរ រាស់ ច្រូតបោកបែន កិន និងជាន់ស្រូវ ឡើងភ្នំជីកត្រពាំង ឃ្វាលគោតាមព្រៃជើងភ្នំ និងកាប់អុស ខណ:ក៏ធ្វើស្រែខ្លួនឯងដែរ។ កូនត្រូវដើរទៅរៀនដោយគ្មានស្បែកជើង ពីផ្ទះទៅសាលាចម្ងាយជាង ១៩ គីឡូម៉ែត្រ ដូចនេះទាំងទៅទាំងមកជិត ៤០ គីឡូ។ រឿងដែលអស់សំណើច ដោយគ្មានអាវពាក់ កូនបានពាក់អាវចាស់ខ្មៅរបស់មីងមានហោប៉ៅបីទៅរៀន ដែលអាវនេះមីងសល់ពីរបបខ្មែរក្រហម។
ពេលមកភ្នំពេញ ឆ្លៀតពេលក្រៅម៉ោងសិក្សា កូនស្ពាយទឹកកកដើរលក់ អង្គុយលក់បារីធុងតាមចិញ្ចើមថ្នល់ លក់សំបុត្រកុនល្ខោន ជួលកង់ និងស៊ីក្លូធាក់ឌុបមនុស្សយកលុយទិញសៀវភៅរៀន និងទុកចាយវាយ ហើយក៏ឆ្លៀតជួយការងារម៉ាក់លក់បបរ និងនំបញ្ចុកនៅតាមចិញ្ចើមថ្នល់ដែរ។ កូនស្រក់ទឹកភ្នែកម្តងៗដែរ ដោយស្រណោះខ្លួន ហើយជួយត្រេកអរមិត្តរួមថ្នាក់ និងមិត្តជិតខាង ដែលពួកគេមានពុកមើលថែទាំ និងជួយអបរំតម្រង់ផ្លូវ។ នេះជាវាសនា!
ចាប់ពីទសវត្សរ៍ ១៩៩០ មក កូនក៏មានគ្រួសារ ហើយបានធ្វើការជាអ្នកព័ត៌មាន ដោយឆ្លងកាត់ចម្ការមីន ឆ្លងកាត់ទីលានប្រយុទ្ធនៃភាគីជម្លោះប្រដាប់អាវុធ ចូលជំរំខ្មែរក្រហម ចូលយកព័ត៌មាននៅក្នុងមនុស្សដែលតវ៉ាមានហិង្សាដោយមានការបាញ់កាំភ្លើង រហូតមានអ្នកនយោបាយខ្លះជេរស្តីឲ្យ ហើយទទួលការគំរាមបាញ់សម្លាប់ពីជនអនាមិកថែមទៀត ព្រមទាំងធ្លាក់ឧទ្ធម្ភាគចក្រនៅលើភ្នំនៃប្រាសាទព្រះវិហារ។ ជីវិតពិតជាថ្លៃ!
ជីវិតពិតជាមានន័យសម្រាប់កូន ដែលមានកំណើតនៅភ្នំពេញ។ ធ្វើការផង មើលការខុសត្រូវគ្រួសារផង និងរៀនសូត្របំពេញវិជ្ជាបន្ថែមផង ហើយបានទៅប្រទេសក្រៅជិត ៣០ ប្រទេសនៅលើពិភពលោក។ ជីវិតទម្រាំបានឈានមកដល់ពេលនេះ!
សូមប៉ាព្រមទាំងម៉ាក់ផងនៅឲ្យស្ងប់ចុះ ព្រោះស្រុកយើងគ្មានសង្រ្គាមទៀតទេ!