(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤៖៤៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយស្ទឹងហាវ ទ្វារចរន្តទី២ (F2A) មូលហេតុដោយសារមានអេស្កាវាទ័រ របស់ក្រុមហ៊ុន ហេង សម្បត្តិ កាយដីដាក់លូប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី ដែលបណ្តាល ឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១៩៖០០នាទីយប់នេះ។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាល ឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕