(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រុមកម្មករ-កម្មការនី តាមបណ្ដារោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ដែលទើបវិលត្រឡប់ពីស្រុកកំណើត ត្រូវចូលសម្រាកនៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចរយៈពេល ១៤ថ្ងៃសិន។
ក្នុងកិច្ចប្រជុំរបស់គណៈកម្មការខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងនៅគ្រាដែលលោកដឹកនាំក្រុមមន្ត្រី ចុះផ្ដល់ដំណឹងដល់រោងចក្រនៅក្រុងតាខ្មៅ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ លោក គង់ សោភ័ណ្ឌ បានបន្តថា បន្ទាប់ពីដាក់ដាច់ដោយឡែកហើយ ករណីបើគ្មានសញ្ញាវិជ្ជមានវីរុសកូវីដ១៩ទេ ទើបអនុញ្ញាត្តឱ្យចូលធ្វើការវិញ។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា វិធានការនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលករណីវីរុសកូវីដ១៩ ព្រោះការរឹតបន្តឹងនេះ មិនមែនដាក់គំនៀបដល់ពលរដ្ឋទេ ប៉ុន្តែដោយសារពួកគាត់ពុំស្ដាប់ការបង្គាប់របស់រាជរដ្ឋាភិបាល ដែលពុំអនុញ្ញាត្តឱ្យត្រលប់ទៅស្រុក ហើយវិធានការនេះ ក៏ដើម្បីសុវត្ថិភាពសាម៉ីខ្លួនផងដែរ និងបញ្ជៀសហានិភ័យណាមួយដល់កម្មករ កម្មការនីដទៃ ដែលគេកំពុងធ្វើការនៅក្នុងរោងចក្រណានោះ។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តបានរៀបចំទីតាំងរួចជាស្រេច ដើម្បីរង់ចាំទទួលអ្នកមកពីស្រុក ឱ្យចូលស្នាក់នៅរយៈពេល១៤ថ្ងៃ ហើយក៏សង្ឃឹមថា អ្នកទាំងអស់ដែលមកពីស្រុកវិញ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងន័យជួយទប់ស្កាត់ទាំងអស់គ្នា មិនមែនក្នុងន័យជាមុខសញ្ញាត្រូវរើសអើងឡើយ។ លោកថ្លែងថា អ្វីដែលសំខាន់ គឺការពារទាំងអស់គ្នា ការពារការឆ្លងជាសហគមន៍ ការពារកុំឱ្យមានការសោកស្ដាយ និងបង្ករសោកនាដកម្មដល់អ្នកដទៃ ដែលធ្វើការជាមួយគ្នា ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បណ្ដារោងចក្រ សហគ្រាសទាំងអស់ ពិសេសទៅប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យហ្មត់ចត់លើការងារនេះ ដើម្បីចូលរួមចាត់វិធានតាមការស្នើរសុំរបស់រដ្ឋបាលខេត្តឱ្យបានល្អប្រសើរ។
ទន្ទឹមនឹងសារនេះដែរ កញ្ញា មាស ច័ន្ទណារី ប្រធានរដ្ឋបាលរោងចក្រមួយ នៅក្រុងតាខ្មៅ បានបញ្ជាក់គោលជំហរពីការចូលរួមជាមួយរដ្ឋបាលខេត្តកណ្ដាល ឱ្យបានម៉ឺងម៉ាត់ ក្នុងន័យទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ។
បើតាមលោក រស់ ឌីណា និង កញ្ញា ពៅ សុជាតា កម្មករ កម្មការនី ធ្វើការក្នុងរោងចក្រមួយនៅក្រុងតាខ្មៅ ក៏បានសំដែងមតិអបអរសាទរយ៉ាងពន់ពេកដែលមានលោក គង់ សោភ័ណ្ឌ បានយកចិត្តទុកដាក់ចំពោះការការពារពួកគាត់ពីការឆ្លងវីរុសនេះ ហើយគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល និង អរគុណដល់លោកអភិបាលខេត្តកណ្ដាល ព្រមទាំងបណ្ដាមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានដុតដៃដុតជើងធ្វើការងារនេះបានយ៉ាងហ្មត់ចត់ ដែលជាក្ដីសង្ឃឹមរបស់កម្មករ កម្មការនី នៅតាមបណ្ដារោងចក្រនានាទាំងអស់។
បើតាមការឱ្យដឹងពីលោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល គិតមកដល់រសៀលថ្ងៃនេះ ពុំទាន់សរុបតួលេខពិតប្រាកដនៃចំនួនកម្មករ កម្មការនី ដែលនឹងវិលចូលមកធ្វើការតាមបណ្ដារោងចក្រនៅខេត្តកណ្ដាលនៅឡើយទេ ខណៈក្រុមមន្ត្រីកំពុងជំរឿនលើការងារនេះ។
សូមជម្រាបថា ទន្ទឹមនឹងបញ្ហាវីរុសកូវីដ១៩ បានវាយលុកសកលលោក កម្ពុជាយើងបានទប់ស្កាត់ការឆ្លងរីករាលដាលបានយ៉ាងល្អប្រសើរ រហូតដល់មានការទទួលស្គាល់ជាសកលលោក ពីសំណាក់អង្គការសុខភាពពិភពលោកហៅកាត់ថា WHO។ អង្គការនេះ ចាត់ទុកកម្ពុជា ជាប្រទេសគំរូក្នុងការចាត់វិធានការការពារ និងការព្យាបាលបានជាសះស្បើយកាន់តែច្រើនឡើងៗ ខណៈគ្មានតួលេខអ្នកស្លាប់ណាម្នាក់ឡើយ។
ក្រោយផ្ទុះករណីនេះ រដ្ឋបាលខេត្តកណ្ដាល បានធ្វើការងារនេះយ៉ាងសកម្មខ្លាំងក្លាបំផុតដែរ ក្រោមការបង្គាប់បញ្ជាផ្ទាល់ពីលោក គង់ សោភ័ណ្ឌ ដើម្បីទប់ស្កាត់ការរីកដាលវីរុសកូវីដ១៩ និងប្រមូលអ្នកសង្ស័យ ព្រមទាំងព្យាបាលអ្នកឆ្លងចំនួន២នាក់ ហើយជាលទ្ធផល ទាំងអ្នកឆ្លងបានជាសះស្បើយ១០០%។ រីឯអ្នកសង្ស័យវិញ គ្មានផ្ទុកវីរុសកូវីដ១៩នោះឡើយ ខណៈដែលអ្នកទាំងអស់គ្នា ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ក្រោមការជូនដំណើរ និង ឧបត្ថម្ភពីសំណាក់អភិបាលខេត្តកណ្ដាលយ៉ាងកក់ក្ដៅជាទីបំផុត។
គួរជម្រាបជូនបន្ថែមដែរថា បន្ទាប់ពីផ្ទុះករណីវីរុសកូវីដ១៩មក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានដោះស្រាយផលប៉ះពាល់ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រដល់លំនៅស្ថាន ក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាលផងដែរ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យជួយពលរដ្ឋក្រីក្រដល់ខ្នងផ្ទះ៕