(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ ដែលជាប់ឃុំឃាំងនៅក្នុងប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានអាជ្ញាធរប្រទេសថៃ ដោះលែងឱ្យមានសេរីភាពវិញហើយ និងបានបញ្ជូនមកឱ្យសមត្ថកិច្ចខ្មែរ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
តាមរបាយការណ៍របស់សមត្ថកិច្ចប្រចាំច្រកអន្តរជាតិជាំ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ទាំង៤នាក់នេះ បានជាប់ឃុំឃាំង នៅប្រទេសថៃ នៅខេត្ត២ផ្សេងគ្នា ពោលគឺ៣នាក់ ជាប់ឃុំឃាំងអស់រយៈពេល២ឆ្នាំ នៅខេត្តឧប៊ុន ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង តាមច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងម្នាក់ទៀត ជាប់ឃុំឃាំង៣ឆ្នាំ នៅខេត្តស៊ីសាកេត ចាប់ខ្លួនឆ្នាំ២០១៧ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង តាមច្រកព្រៃគុយ។
សមត្ថកិច្ច បានបញ្ជាក់ថា អ្នកទោសខ្មែរទាំង៤នាក់នេះ មានឈ្មោះទី១៖ ធៀម យ៉ាត អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២៖ ឈ្មោះ អូន សំអាត អាយុ៤៨ឆ្នាំ រស់នៅភូមិឈើទាលគង ឃុំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣៖ ឈ្មោះ សុខ វណ្ឌី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងទី៤៖ ឈ្មោះ អាំង វង អាយុ២៩ឆ្នាំ រស់នៅភូមិឃុនមោង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយពីបានពិនិត្យសុខភាពវាសកំដៅ លាងសំអាតដៃជើង ដោយទឹកអាល់កុល និងធ្វើការអប់រំណែនាំរួចមក សមត្ថកិច្ចបានអនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញរៀងៗ ខ្លួន៕