(ភ្នំពេញ)៖ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ដ្រីសុខាភិបាល និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ថ្នាំពេទ្យមួយកន្លែង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមមន្ដ្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) ប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះបង្ក្រាបនេះ ដោយសារតែទីតាំងនេះលក់ថ្នាំខូចសុពលភាព, ខុសស្ដង់ដារ, ជិតខូចសុពលភាព និងថ្នាំដឹកក្រោមកម្ដៅ៣០ដឺក្រេ ធ្វើឲ្យខូចគុណភាពថ្នាំ។
មន្ដ្រីរូបនេះបានបញ្ជាក់ទៀតថា ជាលទ្ធផលក្នុងប្រតិបត្ដិការបង្ក្រាប ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ បានធ្វើការដកហូតថ្នាំចំនួន ១៨មុខខូចគុណភាព និងចំនួន១២មុខទៀត មិនទាន់មានកញ្ចប់វេបខ្ចប់ត្រឹមត្រូវ។
ជាមួយគ្នានោះមន្រ្តីជំនាញ បានឲ្យដឹងថា រាល់ឱសថស្ដុក និងចែកចាយ នៅក្នុងទីតាំងនេះ ពុំបានអនុវត្ដតាមបច្ចេកទេស របស់ក្រសួងសុខាភិបាលទេ និងធ្វើឲ្យឱសថនោះ រក្សាក្នុងទីតាំងដូចជា៖
* ឱសថក្នុងឃ្លាំងមានសីតុណ្ណភាព២៩អស្សារសេ និងមានសត្វកណ្ដៀវធ្វើសំបុកកេះឱសថជាង១០០ប្រអប់។
* ឱសថដឹកតាមរថយន្ដមានសីតុណ្ណភាព៣៧អង្សារសេចំនួន១០កេស និង១៦ប្រអប់
* នៅក្នុងប្រអប់មិនមានការណែនាំរបៀបប្រើជាភាសាខ្មែរ
រក្សាទុកថ្នាំហួសសុពលភាព និងជិតហួសសុពលភាព
* បញ្ជីការ៨២មុខ ក្នុងនោះ ហួសសុពលភាពចំនួន១៤មុខ
* ក្រៅពីសម្ភារវត្ថុតាងខាងលើនេះ ពុំមានការដកហូតអ្វីទៀតឡើយ។
សូមជម្រាបថា ទីតាំងលក់ថ្នាំពេទ្យ ខាងលើនេះ មានសហគ្រាសឈ្មោះ វ៉ាយ មេដ (ខេមបូឌា) អាសយដ្ឋាន #២៧ ផ្លូវ ៥BT ភូមិសន្សំកុសល១ សង្កាត់បឹងទំបុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕