(សៀមរាប)៖ បំបែកចម្លាក់ព្រះពុទ្ធបដិមា ២១អង្គ ដែលមានអាយុកាលចាប់ពីជាង ១០០-៥០០ឆ្នាំ ត្រូវបានក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាកាយរកឃើញដោយចែដន្យ នៅជាប់ខឿនប្រាសាទអង្គរវត្ត (ផ្នែកខាងជើង), នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
លោក ឡុង កុសល បានថ្លែងប្រាប់ Fresh News នាថ្ងៃទី១៧ ខែមេសានេះថា ការរកឃើញបំបែកចម្លាក់ព្រះពុទ្ធបដិមាបុរាណខាងលើនេះ កើតឡើងនៅថ្ងៃទី១១ ខែមេសា ខណៈដែលក្រុមការងារ របស់អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅ ដើម្បីលម្អសោភ័ណភាពនៅបរិវេណប្រាសាទអង្គរវត្ត។
បំបែកចម្លាក់ពុទ្ធបដិមា ទាំង ២១ អង្គនេះ ត្រូវបានបែកបាក់ជា ១៤១បំណែក ដែល កប់ ក្នុង ដី ជម្រៅ ជិត កន្លះ ម៉ែត្រ។ ក្នុងព្រះកិរិយាឈរផងអង្គុយផង ហើយមានទាំងព្រះពុទ្ធប្រក់នាគទៀតផង ភាគច្រើន បាក់បែក ព្រះកេស ព្រះហស្ថ ព្រះបាត និងផ្នែកមួយចំនួន ទៀត។
អ្នកនាំពាក្យបានបន្តថា ចម្លាក់ព្រះពុទ្ធបដិមាទាំងនេះខ្លះមានអាយុកាលជាង ១០០ឆ្នាំ ៣០០ឆ្នាំ ហើយក៏មាន ៥០០ឆ្នាំផងដែរ ក្នុងនោះក៏មានស្នាមម្រក្សណ៍ក្រហម ដែលត្រូវបានលាបនៅលើផ្ទៃបដិមាមួយចំនួន។
លោក ឡុង កុសល បានបន្ថែមទៀតថា នៅចំពោះមុខនេះ ក្រុមអ្នកជំនាញមិនបន្តធ្វើកំណាយបន្ថែមទៀតនោះទេ ដោយហេតុថាការរកឃើញនេះមិនមែនស្ថិតក្នុងគម្រោងកំណាយ គឺស្ថិតក្នុងការអនុវត្តគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ហើយក្នុងពេលដែលអ្នកជំនាញចុះត្រួតពិនិត្យទីតាំងផ្ទាល់ (ព្រោះក្រែងប៉ះពាល់ដល់ផ្នែកសំខាន់នៃសំណង់ប្រាសាទ) ក៏បានកាយឃើញព្រះពុទ្ធបដិមាទាំងនេះតែម្ដង ដូច្នេះហើយបានជាអ្នកជំនាញសម្រេចមិនធ្វើកំណាយបន្ថែមទៀតនោះឡើយ។
លោកបានឱ្យដឹងដែរថា ចំពោះបំបែកបដិមាដែលបានរកឃើញនេះ អ្នកជំនាញនឹងរៀបចំផ្គុំឡើងវិញ ហើយគ្រោងយកទៅតម្កល់ទុកនៅ «រោងទងព្រះពាន់» ក្នុងប្រាសាទអង្គរវត្ត ឬយកទៅតម្កល់ទុកក្នុងសារមន្ទីរនៅខេត្តសៀមរាប នេះជាអ្វីដែលអាជ្ញាធរជាតិអប្សរាគិតទុកនៅថ្ងៃក្រោយ។
បើតាមការបកស្រាយរបស់អ្នកជំនាញបុរាណវិទ្យា មូលហេតុដែលព្រះពុទ្ធបដិមាកប់ក្រោមដីនេះ ដោយហេតុថា៖ ក្នុងជំនឿរបស់ខ្មែរបុរាណ បដិមាទាំងឡាយសុទ្ធតែមានភាពស័ក្តិសិទ្ធិ មានដួងព្រលឹងសណ្ឋិតនៅ ទោះបីរូបបដិមារងការខូចខាតយ៉ាងណា ក៏ភាពស័ក្តិសិទ្ធិនោះនៅតែស្ថិតនៅជាដរាប ប៉ុន្តែដោយបដិមារងការខូចខាត ប្រជារាស្ត្រខ្មែរតែងយកបដិមាទាំងនោះទៅរក្សាទុកនៅកន្លែងសមគួរណាមួយ ប៉ុន្តែមិនមែនយកទៅបោះចោលនោះទេ។ តួយ៉ាងដូចជាពុទ្ធបដិមាខាងលើនេះ ក៏ប្រហែលជាប្រជារាស្ត្រដាក់រក្សាទុកនៅទីនោះផងដែរ ប៉ុន្តែដោយសារកាលវេលាកន្លងផុតរាប់រយឆ្នាំ ពុទ្ធបដិមាទាំងនេះក៏ត្រូវកប់ក្រោមដីបែបនេះទៅ៕