(កំពង់ស្ពឺ)៖ ក្រុមការងារយុវជនមនុស្សធម៌របស់សមាគមអតីតយុទ្ធជន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយលោកឧត្តសេនីយ៍ទោ គីម សុផារុន នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនគ្រួសារអតីតយុទ្ធជន ១៣៨គ្រួសារ នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ទោ ម៉ាន់ ម៉ាច ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសចុះចែកគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់គ្រួសារអតីតយុទ្ធជននេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ព្រមទាំងបញ្ច្រៀបការអប់រំការថែទាំសុខភាព និងវីធីបង្ការជំងឺកូវីដ១៩ផងដែរ។
លោកឧត្តមសេនីយ៍ទោ គីម សុផារុន បានលើកទឹកចិត្តដល់គ្រួសារអតីតយុទ្ធជននោះ ឱ្យបន្តស្មារតីរក្សាអនាម័យ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធីទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩។
លោកបន្តថា បើទោះបីពេលបច្ចុប្បន្នការវិវឌ្ឍន៍ និងការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា មិនស្រួចស្រាវខ្លាំងយ៉ាងណាក្តី តែមិនត្រូវធ្វេសប្រហែសនោះឡើយ។ លោកបានប្រាប់ទៅក្រុមគ្រួសារអតីតយុទ្ធជនទាំងនោះថា ការការពារខ្លួនឯង គ្រួសារ និងអ្នកជិតខាងមិនឱ្យឆ្លងជំងឺកូវីដ១៩ គឺជាការចូលរួមចំណែកដ៏ធំជាមួយសង្គមជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ៕