(ក្រចេះ)៖ សភាពាណិជ្ជកម្មមណ្ឌលក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រគល់ជូនអង្ករ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តក្រចេះ ដើម្បីទុកសម្រាប់បម្រើការងារមនុស្សធម៌ និងសម្រាប់សង្រ្គោះសុខភាពប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីទប់ស្កាត់នឹងជំងឺ COVID-19។
លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានឱ្យដឹងថា សម្រាប់ខេត្តក្រចេះ គឺមានមណ្ឌលច័ត្តាឡីស័ក ចំនួន ០៣កន្លែងដោយទី១៖ នៅក្នុងក្រុងក្រចេះ ទី២៖ នៅស្រុកស្នួល និងទី៣៖ នៅស្រុកឆ្លូង។
លោក ប៉ែន លីណាត បានបន្តថា បើគិតចាប់ពីដើមមក រហូតដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២០ នេះ ចំនួនអ្នកផុតកំណត់ការដាក់នូវដោយឡែក ចំនួន ៣៨៩នាក់ ដោយឡែកពលករចំនួន ៤០នាក់ ឋិតនៅក្នុងការគ្រប់គ្រងរបស់ចត្តាឡីស័កខេត្ត-ស្រុក ក្នុងនោះខេត្តចំនួន ១៣នាក់, ស្រុកស្នួល ចំនួន ២៤នាក់ និងស្រុកឆ្លូង ០៣នាក់ ដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញកំពុងតាមដានស្ថានភាពសុខភាព។
លោកអភិបាលរង បានបន្ថែមទៀតថា អំណោយដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន រួមមានសម្ភារ និងថវិកាទាំងអស់នេះ រដ្ឋបាលខេត្តបាន នឹងកំពុងរៀបចំចាត់ចែងប្រគល់ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបងប្អូនកម្មករ ពលករ ដែលត្រឡប់មក ពីធ្វើការងារនៅក្រៅប្រទេសធ្វើដំណើរចូលមកភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធររៀបចំដាក់ឱ្យពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារ ចំនួន ១៤ថ្ងៃ ក្នុងការតាមដានស្ថានភាំពជំងឺ COVID-19។
ក្នុងនោះដែរលោក ក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនកម្មករពលករ ដែលទើបវិលចូលស្រុកកំណើត សូមមេត្តាអធ្យាស្រ័យ ចំពោះវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយការចម្លងនៃមេរោគ COVID-19 ទៅដល់អ្នកដទៃ និងសហគមន៍ ហើយសូមជួយបន្តសហការ និងផ្សព្វផ្សាយបន្តទៅដល់បងប្អូនអ្នកដទៃ នៅក្នុងសហគមន៍ឱ្យបានដឹងពីការការពារ និងអនាម័យ ពីមេរោគ COVID-19 នេះផង ។
អំណោយទាំងនោះរួមមាន៖ ថវិកាចំនួន ១ពាន់ដុល្លារជារបស់សភាពាណិជ្ជកម្មមណ្ឌលក្រចេះ ស្ទឹងត្រែង រតនៈគីរី ដឹកនាំដោយលោក កែវ សុធារិទ្ធ ប្រធានមណ្ឌលសភាព និងអង្ករចំនួន ១តោន និងថវិកា ៤០ម៉ឺនរៀល ជារបស់មន្ទីរ អប់រំយុវជន និងកីឡារខេត្តក្រចេះ ផងដែរ៕