(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅប៉ុន្មាននាទីមុននេះ បានប្រកាសថា អនុញ្ញាតឲ្យម្ចាស់រថយន្ត និងម៉ូតូទាំងអស់ មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម បើទិញតពីគេហើយយកទៅកាត់ឈ្មោះ នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន ប្រកាសនៅលើ Facebook នាព្រឹកថ្ងៃនេះ។
ការប្រកាសបែបនេះ ធ្វើឡើងដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅលើបណ្តាញសង្គម Facebook ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំណូមពរលោក Yoeun Som: ខ្ញុំបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ដែលដឹកនាំការងារនេះ ដែលផ្តល់នូវការយោគយល់ទទួលស្គាល់ការកាន់កាប់ជាក់ស្តែង ដោយមិនចាំបាច់ឱយមានការបញ្ជាក់ពីម្ចាស់មុននោះទេ។ ក្នុងករណីយរថយន្តឬម៉ូតូមិនទាន់បង់ពន្ឋត្រូវបង់ពន្ឋតាមច្បាប់។ នៅពេលខាងមុខពេលទិញរថយន្ត ឬម៉ូតូត្រូវមានការបញ្ជាក់ត្រឹមត្រូវ ពីអ្នកលក់ទើបងាយស្រួលទាំងអស់គ្នា។ គណកម្មាការសុវតិ្ថភាពចរាចរណ៍ផ្លូវគោកនឹងចេញការណែនាំជាក់ស្តែង»។
សូមជំរាបថា ករណីនេះគឺជាការទទូចចង់បានរបស់ប្រជាពលរដ្ឋខ្លាំងណាស់, ព្រោះកន្លងមកករណីមានការលំបាក ដោយអ្នកខ្លះបានទិញតពីគេពីបីនាក់ ហើយមិនដឹងរកម្ចាស់ដើមពីណានោះទេ។
ភ្លាមៗបន្ទាប់ពីប្រកាសរបស់សម្តេចតេជោ មានបងប្អូនប្រជាពលរដ្ឋ ឆ្លើយតបយ៉ាងដូច្នេះថា «គាំទ្រសម្តេច បងជារៀងរហូត មានសម្តេចបង ទើបប្រទេសជាតិបានសុខដល់សព្វថ្ងៃនេះ ខ្ញុំស្រលាញ់ដូចឪពុកម្តាយខ្ញុំចឹង សំខាន់បំផុតគឺសម្តេចស្គាល់ សុខទុក្ខរាស្រ្តច្បាស់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ មករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យដឹងដែរថា ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់ឲ្យសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបានដោយមិនចាំបាច់ស្នើសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមឲ្យខ្ចីជិះ៕