(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានអះអាងថា មន្ត្រីជំនាញរបស់ក្រសួងបានរកឃើញទឹកអាល់កុលលាងដៃលក់តាមទីផ្សាររហូតដល់ទៅ៨០តោន បានធ្វើពីសារធាតុមេតាណុលដែលបង្កបញ្ហាខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់។
តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យគុណភាព អាល់កុលលាងសម្អាតដៃ ដែលកំពុងតែចរាចរ និងចែកចាយនៅទីផ្សារ និងនៅតាមទីកន្លែងផ្សេងៗទៀត។
តាមរយៈកិច្ចប្រតិបត្តិការនេះ បានរកឃើញមានការលួចបន្លំប្រើប្រាស់នូវសារធាតុមេតាណុលជាច្រើន ធ្វើជាអាល់កុលលាងសម្អាតដៃ សម្រាប់កម្ចាត់មេរោគកូវីដ-១៩ រហូតជាង ៨០តោន។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ និងទទូចស្នើសុំឱ្យអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន-សហគ្រាស និងបុគ្គល ដែលធ្វើអាជីវកម្មលើផលិតផលដែលប្រើប្រាស់សារធាតុមេតាណុល បញ្ឈប់ការដាក់លក់ និងចែកចាយផលិតផលទាំងនោះនៅក្នុងទីផ្សារ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល។
ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា បើក្រសួងនៅតែពិនិត្យឃើញថា អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និងបុគ្គលណាមួយនៅតែឆ្លៀតឱកាសលក់ និងចែកចាយទឹកអាល់កុលធ្វើពីមេតាណុល ក្នុងអំឡុងពេលកម្ពុជាកំពុងជួបប្រទះនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មេតាណុល គឺជាប្រភេទអាល់កុលពុល គ្មានពណ៌ ថ្លា គ្មានក្លិន ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអាល់កុលធម្មតា (អេទីលអាល់កុល) ដែលភាគច្រើនត្រូវបានប្រើប្រាស់ជាសារធាតុរំលាយ។ មេតាណុល ជាសារធាតុរលាយក្នុងទឹកទាំងស្រុង ហើយងាយឆាបឆេះ។ ជាទូទៅសារធាតុនេះនៅលើទីផ្សារមានឈ្មោះពាណិជ្ជកម្មផ្សេងៗគ្នា ដូចជា មេទីលអាល់កុល (Methyl Alcohol) មេទីលអ៊ីដ្រាត (Methyl hydrate) មេទីលអ៊ីដ្រុកស៊ីត (Methyl hydroxide) មេទីលឡុល (Methylol), Wood Naphtha និង Wood Spirit ។ល។
យោងតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក សារធាតុមេតាណុល មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុផ្សំសកម្ម នៅក្នុងការផលិតសារធាតុលាងសម្អាតដៃឡើយ។
* សារធាតុមេតាណុល ធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់។ ក្នុងនោះសម្រាប់រយៈពេលខ្លី វានឹងធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ងងុយដេក ច្របូលច្របល់ បាត់ស្មារតី ក្អួត រំខានដល់ការរំលាយអាហារ និងធ្វើឱ្យស្រវាំងភ្នែក។
* សម្រាប់រយៈពេលវែងវិញ វាអាចពុលដល់ប្រព័ន្ធរាងកាយ ខូចដល់ប្រព័ន្ធខួរក្បាល ការមើលឃើញចុះខ្សោយ ឬស្រវាំង និងអាចងងឹតទាំងស្រុង។ ប្រសិនបើមានការដាក់លាយជាមួយស្រា ឬជាមួយភេសជ្ជៈផ្សេងៗ៕