(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហោះនូវពាក្យពេចន៍សំខាន់ៗរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ថ្លែងនៅក្នុងជំនួបពិសេសជាមួយប្រមុខដឹកនាំអង្គការសហប្រជាជាតិ, ប្រមុខដឹកនាំអង្គការសុខភាពពិភបលោក និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺ COVID-19 នាពេលកន្លងទៅថ្មី។
ពាក្យពេចន៍សំខាន់ៗរបស់ប្រធានាធិបតីចិន ស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់នឹងជំងឺ COVID-19 មានដូចតទៅ៖
* ការផ្ទុះឡើងនៃជំងឺវីរុស COVID-19 បានបង្ហាញឲ្យឃើញម្តងទៀតពី មនុស្សជាតិ ជាសហគមន៍ជោគវាសនារួមដែលរួមសុខទុក្ខជាមួយគ្នា។ ក្នុងយុគសម័យសាកលភាវូបនីយកម្មសេដ្ឋកិច្ចនេះ ព្រឹត្តិការណ៍ដ៏សំខាន់ដែលបានកើតឡើងជាបន្ទាន់បែបនេះ មិនមែនជាការកើតឡើងលើកចុងក្រោយនោះទេ បញ្ហានៃគ្រប់ទម្រង់សុវត្ថិភាពបែបប្រពៃណី និងមិនមែនបែបប្រពៃណីនឹងអាចនាំមកនូវការប្រឈមមុខថ្មីៗឥតឈប់ឈរ។
សហគមន៍អន្តរជាតិត្រូវតែកសាងគំនិតសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដើម្បីជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាជម្នះលើហានីភ័យទាំងនេះ ក៏ដើម្បីរួមគ្នាកសាងភពផែនដីដែលជាជម្រករបស់យើងទាំងអស់គ្នាឲ្យមានភាពល្អប្រសើរឡើង។
(ការសន្ទនាតាមរយៈទូរស័ព្ទជាមួយលោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០)
* ក្រោមការដឹកនាំរបស់លោក អង្គការសុខភាពពិភពលោកបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ជំងឺវីរុស COVID-19 យ៉ាងសកម្ម ក៏ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាកសហគមន៍អន្តរជាតិ ហើយចិននឹងបន្តការគាំទ្រអត្ថប្រយោជន៍ដែលដឹកនាំដ៏សកម្មរបស់លោក និងអង្គការសុខភាពពិភពលោកក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺវីរុសCOVID-19នេះ។
ចិនតែងតែគាំទ្រយ៉ាងសកម្មរាល់ការខិតខំប្រឹងប្រែងក្នុងកិច្ចទប់ស្កាត់ នៃសហគមន៍អន្តរជាតិក្រោមសកម្មភាពជាក់ស្តែងក៏បានផ្តល់ជំនួយជូនចំពោះ អង្គការអន្តរជាតិ ក្នុងនោះក៏រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោក និងជាង៨០ប្រទេសលើពិភពលោកផងដែរ។ ភាគីចិននឹងបន្តផ្តល់ការគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុស COVID-19 សម្រាប់សហគមន៍អន្តរជាតិតាមលទ្ធភាពដែលអាចទៅរួច។
(សារលិខិតឆ្លើយតបជូនចំពោះលោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០)
ជំងឺឆ្លងដ៏ធំ វាគឺជាសត្រូវរបស់មនុស្សជាតិរាល់គ្នា។ ជំងឺវីរុស COVID-19 កំពុងតែរាតត្បាតពេញពិភពលោក វាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពជីវិត និងសុខភាពប្រជាពលរដ្ឋ ក៏ជាការប្រឈមមុខដ៏ធំមួយសម្រាប់សុខសុវត្ថិភាពសាធារណៈលើសកលលោក វាជាស្ថានភាពមួយគួរឲ្យព្រួយបារម្ភជាខ្លាំង។ បច្ចុប្បន្ននេះសហគមន៍អន្តរជាតិចាំបាច់ណាស់ត្រូវមានជំនឿចិត្តយ៉ាងមុតមាំ រួមកម្លាំងកាយនិងចិត្ត សាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិគ្រប់ជ្រុងជ្រោយ រួមកម្លាំងប្រយុទ្ធប្រឆាំង ដើម្បីយកជម្នះលើសមរភូមិនៃជំងឺឆ្លងកាចសាហាវនៃមនុស្សជាតិរាល់គ្នា។ នាពេលនេះខ្ញុំនឹងលើកគំនិតផ្តួចផ្តើមចំនួន៤ចំនុច។
ទី១៖ តស៊ូប្រឆាំងទប់ស្កាត់ជំងឺវីរុស COVID-19 ដែលជាលក្ខណៈសកល។ សហគមន៍អន្តរជាតិគួរតែពន្លឿនសកម្មភាព ចូលរួមបញ្ឈប់ការរីករាលដាល នៃស្ថានភាពជំងឺ វីរុស COVID-19 ប្រកបដោយភាពមុះមុត។ ខ្ញុំផ្តល់យោបល់ថា នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេស G20 យ៉ាងឆាប់រហ័ស ពង្រឹងការចែករំលែកព័ត៌មាន សហការគ្នាក្នុងការស្រាវជ្រាវឱសថវេជ្ជសាស្រ្ត វ៉ាក់សាំងការពារ និងការទប់ស្កាត់នឹងជំងឺវីរុស ដើម្បីទប់ស្កាត់ស្ថានភាព រាលដាលឆ្លងដែន នៃជំងឺវីរុសប្រកបដោយប្រសិទ្ធភាព។
ត្រូវរួមដៃគ្នាជួយលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ របស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដែលមានលក្ខណៈទន់ខ្សោយ។ ខ្ញុំផ្តល់ជាយោបល់អាចចាប់ផ្ដើមពីគំនិតផ្តួចផ្តើមជំនួយទប់ស្កាត់ជំងឺវីរុស COVID-19 ក្នុងប្រទេស G20 ដែលក្រោមការគាំទ្រនៃអង្គការសុខភាពពិភពលោក អាចពង្រឹងទំនាក់ទំនងព័ត៌មាន សម្របសម្រួលគោលនយោបាយ សហការគ្នាក្នុងការអនុវត្ត។ ភាគីចិនរក្សាគំនិតសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ នឹងចែករំលែករបៀបនៃការអនុវត្តទប់ស្កាត់ប្រកបដោយអត្ថប្រយោជន៍ជូនដល់បណ្តាប្រទេសលើពិភពលោក សហការក្នុងការស្រាវជ្រាវរួមគ្នាអំពីឱសថវេជ្ជសាស្រ្ត វ៉ាក់សាំងការពារ និងព្រមទាំងផ្តល់ជំនួយជូនដល់ប្រទេសដែលកើតមាននូវជំងឺវីរុស COVID-19 តាមលទ្ធភាពដែលអាចធ្វើបាន។
ទី២៖ ចូលរួមបង្កើតកិច្ចទប់ស្កាត់រួមជាលក្ខណៈអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ ជំងឺវីរុសគ្មានព្រំដែនទេ។ វាជាសត្រូវរបស់យើងរាល់គ្នា។ បណ្តាប្រទេសត្រូវរួមដៃគ្នាបង្កើតបណ្តាញដែលការពាររួម ទប់ស្កាត់រួមដោយតឹងរឹងបំផុត។ ភាគីចិនបានបង្កើតមជ្ឈមណ្ឌលចំណេះដឹងក្នុងការទប់ស្កាត់ នឹងជំងឺវីរុសCOVID-19ក្នុងប្រព័ន្ធអ៊ីនធើណេត ដោយលក្ខណៈបើកចំហជូនបណ្តាប្រទេស។ ត្រូវតែរួមកម្លាំងគ្នាពីបណ្តាប្រទេសសហការរួមគ្នាពន្លឿនការស្រាវជ្រាវ ឱសថវេជ្ជសាស្រ្ត វ៉ាក់សាំងការពារ ការតេស្តពិនិត្យ និងផ្នែកផ្សេងទៀត ដើម្បីជាកម្លាំងក្នុងការទទួលបានសមិទ្ធផលជូនដល់មនុស្សជាតិទាំងឡាយ។ ត្រូវតែពិភាក្សាគ្នាបង្កើតយន្តការទំនាក់ទំនងជាបន្ទាន់សម្រាប់សុខាភិបាលសាធារណៈក្នុងតំបន់លើកកម្ពស់សំទុះនៃការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងបញ្ហាសុខាភិបាលសាធារណៈ។
ទី៣៖ គាំទ្រការផ្តល់អត្ថប្រយោជន៍ដល់អង្គការអន្តរជាតិយ៉ាងសកម្ម។ ភាគីចិនគាំទ្រអត្ថប្រយោជន៍ដឹកនាំនៃអង្គការសុខភាពពិភពលោក កំណត់វិធានការទប់ស្កាត់យ៉ាងសមស្របស្របតាមវិទ្យាសាស្រ្ត ដើម្បីរារាំងការរីករាលដាលនៃជំងឺវីរុស COVID-19 ដោយអស់ពីសមត្ថភាព។ ខ្ញុំផ្តល់យោបល់ថា ប្រទេស G20 ទាំងអស់អាចពង្រឹងការចែករំលែកនៃព័ត៌មានទប់ស្កាតនឹងជំងឺវីរុស COVID-19 ដោយពឹងផ្អែកលើអង្គការសុខភាពពិភពលោក ជំរុញផ្សព្វផ្សាយត្រីវិស័យនៃការទប់ស្កាត់ ដែលប្រកបដោយប្រព័ន្ធគ្រប់ជ្រុងជ្រោយដែលមានប្រសិទ្ធភាព។
ត្រូវតែផ្តល់អត្ថប្រយោជន៍នៃកិច្ចសម្របសម្រួលទំនាក់ទំនងសម្រាប់ប្រទេស G20 ពង្រឹងកិច្ចសន្ទនា និងពិភាក្សាគោលនយោបាយរៀបចំកិច្ចប្រជុំជាន់ខ្ពស់ស្តីអំពី សុវត្ថិភាពសុខាភិបាលសាធារណៈជាលក្ខណៈសកលតាមពេលសមស្របមួយ។ ប្រទេសចិននឹងសហការគ្នាជាមួយបណ្តាប្រទេស ដើម្បីជំរុញកម្លាំងគាំទ្រ ជូនចំពោះអង្គការអន្តរជាតិ និងក្នុងតំបន់ដែលជាប់ពាក់ព័ន្ធជាមួយ។
ទី៤៖ ពង្រឹងកិច្ចសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិ។ ជំងឺវីរុស COVID-19 បានធ្វើឲ្យមានការប៉ះទង្គិចជាមួយនឹងការផលិត និងតម្រូវការលើសកលលោកបណ្តាប្រទសគួរតែរួមដៃគ្នាពង្រឹងកម្រិតកម្លាំងសម្របសម្រួលនូវគោលនយោបាយម៉ាក្រូទប់ស្កាត់សេដ្ឋកិច្ចពិភពលោក កុំឲ្យធ្លាក់ចូលក្នុងស្ថានភាពអន់ថយ។ ត្រូវអនុវត្តគោលនយោបាយហិរញ្ញវត្ថុ និងរូបិយប័ណ្ណប្រកបដោយភាពខ្លាំង និងប្រសិទ្ធភាពជំរុញស្ថេរភាពនៃអត្រាប្តូរប្រាក់លើ បណ្តាប្រទេសឲ្យមានភាពទូទៅធម្មតា។ ត្រូវពង្រឹងកិច្ចសម្របសម្រួលគ្រប់គ្រងហិរញ្ញវត្ថុ ការពាររក្សាស្ថេរភាពទីផ្សារហិរញ្ញវត្ថុសកលលោក។
ត្រូវរួមគ្នាការពារស្ថេរភាពសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មលើសកលលោក ចិននឹងពង្រឹងកម្រិតកម្លាំងក្នុងការផ្តល់វត្ថុធាតុដើមនៃឱសថ សម្ភារៈចាំបាច់ក្នុងជីវភាព សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 និងផលិតផលផ្សេងទៀតជូនដល់ទីផ្សារអន្តរជាតិ។ ត្រូវតែការពារស្រ្តីនិងកុមារ ការពារមនុស្សចាស់ជរា ជនពិការ និងជនងាយរងគ្រោះផ្សេងទៀត ការពារជីវភាពមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋ។ ប្រទេសចិននឹងបន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុយ៉ាងសកម្ម និងគោលនយោបាយសុខុមាលភាពនៃរូបិយប័ណ្ណយ៉ាងនឹងនរ ពង្រីកកំណែទម្រង់បើកចំហយ៉ាងមុះមុត បន្ធូរកម្រិតនាំចូលសម្រាប់ទីផ្សារ បន្តរក្សាបរិស្ថានពាណិជ្ជកម្មឲ្យបានល្អប្រសើរ ពង្រីកការនាំចូលយ៉ាងសកម្ម និងពង្រីកការ វិនិយោគក្រៅប្រទេស ដើម្បីរួមចំណែកក្នុងកិច្ចរក្សាស្ថេរភាព សេដ្ឋកិច្ចពិភពលោក។
ខ្ញុំក៏សូមអំពាវនាវប្រទេសដែលជាសមាជិកG20ទាំងអស់ត្រូវចាត់វិធានការរួមគ្នា កាត់បន្ថយពន្ធ កម្ចាត់របាំងរារាំង បើកទូលាយពាណិជ្ជកម្មបញ្ចេញនូវសញ្ញា នៃភាពខ្លាំង លើកកម្ពស់ឆន្ទៈសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ យើងគួរតែកំណត់ផែនការសកម្មភាពសម្រាប់ប្រទេសទាំង G20 ហើយកំណត់យន្តការចាំបាច់ក្នុងការទំនាក់ទំនង និងរៀបចំយ៉ាងទាន់ពេលក្នុងកិច្ចសម្របសម្រួលគោលនយោបាយម៉ាក្រូក្នុងការទប់ស្កាត់នឹងជំងឺវីរុស COVID-19។ (សុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិសេសនៃថ្នាក់ដឹកនាំប្រទេស G20 នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលមានចំណងជើងថា រួមគ្នាទប់ស្កាត់នឹងជំងឺវីរុស COVID-19 រួមគ្នាពុះពារក្នុងគ្រាលំបាក)។
នាបច្ចុប្បន្ននេះ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន បានរួមកម្លាំងគ្នាក្នុងការទប់ស្កាត់នឹងជំងឺវីរុស COVID-19។ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ ពីមិត្តភក្តិពិតប្រាកដ។ ក្នុងគ្រាដ៏ពិសេសនេះប្រជាជនកម្ពុជាបានឈរជាមួយយើងទាំងអស់គ្នា។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យសួរសុខទុក្ខ និងគាំទ្រដល់យើងទាំងអស់គ្នា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាំទ្រភាគីចិនជាច្រើនលើកច្រើនសារ ហើយថ្ងៃនេះក៏បានអញ្ជើញបំពេញទស្សនកិច្ចជាពិសេសក្នុងប្រទេសចិនដែរ នេះបានបង្ហាញឲ្យឃើញពីមិត្តភាព និងជំនឿចិត្តរវាងចិន និងកម្ពុជាដែលមិនអាចបំបាក់បាន ក៏សបញ្ជាក់ឲ្យឃើញពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ដែលរួមសុខរួមទុក្ខជាមួយគ្នា។
(ពាក្យពេចន៍ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០)
គណបក្សកុម្មុនីស្ត និងរដ្ឋាភិបាលចិនមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាជនចិន និងសហគមន៍អន្តរជាតិ ក៏បានចាត់វិធានទប់ស្កាត់យ៉ាងហ្មត់ចត់បំផុត និងតឹងរឹងបំផុត។ បច្ចុប្បន្ននេះការទប់ស្កាត់នឹងជំងឺវីរុស COVID-19 ទទួលបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ ជនជាតិចិនជាជនជាតិដែលធ្លាប់ឆ្លង កាត់ការលំបាក។ ហើយចិនមានជំនឿចិត្តមានសមត្ថភាព អាចយកឈ្នះជាមួយនឹងជំងឺវីរុសមួយនេះបាន។ យើងប្រកាន់ភ្ជាប់នូវឥរិយាបថបើកចំហ និងតម្លាភាពក្នុងកិច្ចពង្រឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលរួមបញ្ចូលទាំងកម្ពុជាផងដែរ រួមគ្នាទប់ស្កាត់នឹងជំងឺវីរុសប្រកបដោយប្រសិទ្ធភាព ការពារសុខសុវត្ថិភាពសាធារណៈលើសកលលោកនិងក្នុងតំបន់។ យើងនឹងមើលថែប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់អាស្រ័យក្នុងប្រទេសចិនដូចប្រជាពលរដ្ឋខ្លួន ក្នុងនោះក៏រួមបញ្ចូលទាំងសិស្សនិស្សិតបរទេសផងដែរ ដើម្បីធានាបានជីវភាព និងសុខភាពរបស់ពួកគេ។
(ពាក្យពេចន៍ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០)