(សេអ៊ូល)៖ កូរ៉េខាងត្បួងបានចាក់ផ្សាយសំឡេងឃោសនា ដែលជាសង្គ្រាមចិត្តសាស្ត្រនៅតាមបន្ទាត់ព្រំដែន នៅថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីកូរ៉េខាងជើង បានប្រកាសថា ខ្លួនជោគជ័យក្នុងការបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ប៉ុន្តែការចាក់ផ្សាយសំឡេងឃោសនានេះ ត្រូវបានកូរ៉េខាងជើង លើកឡើងថាជាសកម្មភាពមួយ ដែលជំរុញឲ្យ «កើតមានសង្គ្រាមរវាងប្រទេសឈាមជ័រតែមួយ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦។
នៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីឆ្លើយតប និងប្រឆាំងទៅលើការបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង, រដ្ឋាភិបាលក្រុងសេអ៊ូល បានបញ្ជាក់ឲ្យត្រៀមចាក់ផ្សាយសំឡេងឃោសនា ដែលជាសង្គ្រាមចិត្តសាស្ត្រនៅតាមបន្ទាត់ព្រំដែននៃប្រទេសកូរ៉េទាំងពីរ ដែលនេះជាលើកទី២ហើយ ដែលកាលពីខែសីហា ឆ្នាំ២០១៥ កូរ៉េខាងត្បួងបានចាក់ផ្សាយសំឡេងឃោសនានេះម្ដងដែរ ដោយសារតែមានករណីផ្ទុះមីនស្លាប់ទាហាន និងមនុស្សមួយចំនួន ដោយក្នុងនោះកូរ៉េខាងត្បួងបានលើកឡើងថា វាទង្វើរបស់កូរ៉េខាងជើង។
អ្នកជំនាញអាមេរិកបានលើកឡើងថា គ្រាប់បែកអ៊ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះគឺមានអនុភាពខ្លាំងជាង ៧ដងនៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ១៩៤៥កន្លងទៅ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះ លោក គីម ជុនអ៊ុន មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង បានប្រកាសថា ខ្លួនជោគជ័យក្នុងការបំផ្ទុះសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ដែលគ្រាប់បែកនេះ ត្រូវបានមេដឹកនាំរូបនេះ ប្រកាសឲ្យដឹងតាំងពីខែធ្នូមកម្ល៉េះ៕