(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយលើកទឹកចិត្ដ ដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន នៅស្រុកជើងព្រៃ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ដ ក្នុងការចូលរួមការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។
តំណាងរាស្រ្ដ ម៉ា ឈឿន បានថ្លែងថា បានថ្លែងថា «អរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការអនុវត្ដយ៉ាងជោគជ័យ នូវបទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស អំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមកនេះ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ក្នុងការទប់ស្កាត់ការេជំងឺកូវីដ១៩»។
អំណោយនេះ ជាការតបស្នងសងគុណរបស់អាជ្ញាធរដែនដី ក៏ដូចជាក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ចំពោះការបូជាកម្លាំងកាយចិត្ដ ទប់ស្កាត់ ការធ្វើដំណើរពីខេត្ដមួយទៅខេត្ដមួយ របស់ប្រជាពលរដ្ឋយើងក្នុងឱកាសចូលឆ្នំាខ្មែរ ក៏ដូចជាការអប់រំណែនាំ ទៅដល់ប្រជាជនយើងបានយ៉ាងល្អ ។
តំណាងរាស្រ្ដ ម៉ា ឈឿន បានថ្លែងបន្ដទៀតថា «នៅស្រុកជើងព្រៃយើង ក៏ដូចជាស្រុកផ្សេងៗនៅកម្ពុជា គឺមានបញ្ហាអ្វីកើតឡើងនោះទេ បន្ទាប់ពីប្រជាជន បានយល់ និងគាំទ្រចំពោះការអនុវត្ដន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារ ទប់ស្កាត់ នឹងជំងឺកូវីដ១៩ ដែលជាជំងឺងាយឆ្លង យ៉ាងកាចសាហាវនេះ ដែលជាសុខ និងសុវត្ថិភាព ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង» ។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានបន្ដជំរុញលើកទឹកចិត្ដ ដល់កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីក្រុមការងារទាំងអស់ បន្ដយកចិត្ដទុកដាក់ខ្ពស់លើកិច្ចការនេះ ជាពិសេសត្រូវសង្កេតមើលក្នុងភូមិឃុំ បើមានជនបរទេស ឬអ្នកចំណូលថ្មី ត្រូវដាក់គាត់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន ព្រោះជំងឺកូវីដ១៩នេះ មិនទាន់រលត់បាត់ពីកម្ពុជា ក៏ដូចជានៅលើសកលលោកនៅឡើយទេ ។
ដូចនេះ ត្រូវបន្ដចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យគោរព និងអនុវត្ដនូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយមិនត្រូវទៅកាន់ទីប្រជុំជនមានមនុស្សច្រើន ឬដើរកំសាន្ដតាមទីសាធារណៈ ដោយពុំចាំបាច់ រក្សាគម្លាតពីគ្នា ត្រូវលាងសម្អាតដៃឱ្យបានស្អាតជានិច្ចជាមួយសាប៊ូ អាកុល និងជែល និងត្រូវពាក់ម៉ាស ពេលចេញទៅតាមទីសាធារណៈ ជាពិសេស ចៀសវាងការនៅជួបជុំគ្នា កុំឱ្យឆ្លងរាតត្បាតជំងឺកូវីដ១៩នេះបន្ដទៀត ។
គួរបញ្ជាក់ផងដែរថា ដោយអនុវត្ដន៍តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីការចុះជួយប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងរងគ្រោះបំផុត ក្នុងអំឡុងជំងឺកូវីដ១៩នេះ តំណាងរាស្រ្ដ ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានចែកនូវគ្រឿងឧបភោគ-បរិភោគ ជូនដល់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ នៅក្នុងឃុំទាំង១០ នៃស្រុកជើងព្រៃ៕