(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានជូនដំណឹងល្អថា បងប្អូនជនជាតិខ្មែរយើងចំនួន ៣នាក់ ដែលឆ្លង COVID-19 នៅកូរ៉េ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យហើយ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំង៣នាក់ បានជាសះស្បើយ ហើយគ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអវិជ្ជមាន»។
លោកថា «ពួកគាត់បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹក ហើយឥឡូវអ្នកទាំង៣នាក់ បានទៅដល់ផ្ទះដោយសុវត្ថិភាព។ គ្រូពេទ្យបានផ្តាំថា ក្នុងករណីពេលត្រឡប់មកផ្ទះវិញ ក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការៈចេញជារោគសញ្ញាជំងឺនេះឡើងវិញ ត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត»។
សូមបញ្ជាក់ថា ជនជាតិខ្មែរទាំង ៣នាក់ ដែលឆ្លង COVID-19 គឺជាស្រ្តីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប ៣ខែ នៅទីក្រុងប៊ូឆុន។ ពួកគេបានឆ្លង COVID-19 ពីប្តីជនជាតិកូរ៉េ៕