(កំពង់ឆ្នាំង)៖ ជាមោទនភាពរបស់ខេត្តកំពង់ឆ្នាំង ដែលកម្មករ-កម្មការិនីរោងចក្រកាត់ដេរទាំង ១៥រោងចក្រ ដែលកំពុងធ្វើការជាង ៤ម៉ឺននាក់គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងមកនេះ មិនមាននរណាម្នាក់ឈប់សម្រាកនោះឡើយ ក្រៅតែពីកម្មការិនី ១២នាក់ប៉ុណ្ណោះ ដែលបាននិងកំពុងសំរាកច្បាប់សំរាលកូន។
នៅថ្ងៃទី១៧ ខែមេសានេះ ក៏មិនមានកម្មករ-កម្មការិនីរោងចក្រកាត់ដេរណាម្នាក់ឈប់នៅឡើយទេ ព្រោះពួកគេគិតថា នៅធ្វើការក្នុងរោងចក្រមានសុវត្ថិភាពជាង នាំគ្នាទៅស្រុកកំណើត ដើម្បីជួបជុំមិត្តភក្របងប្អូន។ នេះបើតាមការអះអាងរបស់លោក ពៅ ស៊ីថា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
ដោយឡែកលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានឱ្យដឹងដែរថា នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមុនចូលឆ្នាំ និងក្នុងថ្ងៃចូលឆ្នាំ មានបងប្អូនពលករខ្មែរវិលមកពីបរទេស មានជាង ១ពាន់នាក់ ក៏ប៉ុន្តែពួកគេត្រូវបានមន្ត្រីមន្ទីរសុខាភិបាល រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែក ក្នុងនោះមានការតាមដានស្ថានភាពសុខភាពរបស់ពួកគាត់ជារៀងរាល់ថ្ងៃ។
ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនេះ ក៏មានការដាក់ឱ្យនៅតាមផ្ទះផងដែរ ដែលក្រុមគ្រួសារគាត់មានលទ្ធភាព ហើយនិងមានដាក់នៅក្នុងមន្ទីរពេទ្យបំរុងដែលអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលបានរៀបចំទុកជាស្រេចហើយនោះ។
លោកបានបន្ថែមថា ចំពោះបងប្អូនកម្មករ-កម្មការិនី កំពុងធ្វើការនៅតាមរោងចក្រទាំង ១៥ក្នុងខេត្តនោះគឺមានមន្ត្រីពេទ្យនៅប្រចាំការក្នុងរោងចក្រនីមួយៗជាប្រចាំ ដោយពួកគាត់រង់ចាំពិនិត្យសុខភាព ជូនបងប្អូនកម្មករកម្មការនី និងណែនាំដល់ពួកគាត់ក្នុងការអនាម័យខ្លួនប្រាណ ដៃជើង ជាពិសេសតាមបណ្តារោងចក្រទាំងអស់ ពេលកម្មករ-កម្មការិនីចេញចូលរោងចក្រ ត្រូវបានសន្តិសុខរួមនឹងក្រុមគ្រូពេទ្យវាស់កំដៅ បាញ់អាល់កុលលាងដៃ និងឱ្យពាក់ម៉ាស់ក្នុងពេលធ្វើការងារ ដោយមិនធ្វេសប្រហែសឡើយ។
លោក ប្រាក់ វ៉ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩នេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាជរដ្ឋាភិបាល ជាបន្តទៀត ដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនេះ ដែលយើងត្រូវតែមានការប្រុងប្រយ័ត្នគ្រប់វិនាទី មិនអាចធ្វេសប្រហែសបានឡើយ៕