(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះថា ថ្មីៗនេះ ក្រសួងអប់រំ ទើបចេញសេចក្ដីណែនាំថ្មីមួយ ដែលក្នុងសេចក្ដីណែនាំថ្មីនោះ បានអនុញ្ញាតឲ្យគ្រឹះស្ថានអប់រំឯកជន អាចរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តាមប្រព័ន្ធអនឡាញ។
ដោយឡែកចំពោះសិស្សានុសិស្ស ដែលសិក្សានៅសាលារដ្ឋ ហើយនឹងត្រូវប្រឡងសញ្ញាបត្រទាំង២នេះ ត្រូវបានអ្នកនាំពាក្យក្រសួងអប់រំ លើកឡើងថា នៅរង់ចាំពិនិត្យមើលស្ថានការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩សិន ថាតើនឹងវិវត្ដន៍ទៅយ៉ាងណាទៀត ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។
លោក រស់ សុវាចា បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការប្រឡងសម្រាប់សិស្សសាលារដ្ឋ ក្រសួងនឹងជម្រាបជូនអំពីកាលបរិច្ឆេទនៃសម័យប្រឡងទាំង២ នៅពេលក្រោយ ដោយបន្ដការតាមដានយ៉ាងយកចិត្តទុកដាក់ នៃការវិវត្ដន៍ជំងឺកូវីដ១៩»។
ឆ្លើយតបនៃក្ដីបារម្ភ ពេលដែលអនុញ្ញាតឲ្យសាលាឯកជន ធ្វើការរៀបចំការប្រឡងសញ្ញាបត្រដោយខ្លួនឯងនេះ តើអាចប៉ះពាល់ដល់គុណភាពអប់រំដែលឬទេ? អ្នកនាំពាក្យដដែលរូបនេះ លើកយកនូវចំណុចមួយនៃសេចក្ដីណែនាំរបស់ក្រសួងអប់រំមកបញ្ជាក់ថា ក្នុងករណីចាំបាច់ ក្រសួងអប់រំ មានសមត្ថកិច្ច នឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាទាំងនោះ ដើម្បីធានាបាននូវស្ដង់ដារគុណភាព។
សូមជម្រាបថាថ្មីៗនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មីមួយ ដោយអនុញ្ញាតឲ្យ សាលាឯកជន រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាម ប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្តង់ដាគុណភាព ដែលអាចទទួលយកបាន។ ក្នុងករណីចាំបាច់ ក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សា ដើម្បីធានានូវស្តង់ដាគុណភាពនេះ។
លើសពីនេះ ក្រសួងអប់រំ អនុញ្ញាតឲ្យសាលាឯកជន អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែសាមីគ្រឹះស្ថានសិក្សា ត្រូវចុះហត្ថលេខាដោយខ្លួនឯង ហើយក្រសួងនឹងចុះអធិការកិច្ច តាមការចាំបាច់ ដើម្បីធានានូវគុណភាពនៃសញ្ញាបត្រ។
ក្រសួងអប់រំ កាលពីពេលកន្លងទៅក៏បានសេចក្តីណែនាំ ស្តីពីការពន្យារពេលការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះឡើយ៕