Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌចំការមន ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យការបុកស៊ីផាយ ប្រឡាយបឹងត្របែក ដំណើរការជិត៨០ ភាគរយ

17-04-2020 15:31

(ភ្នំពេញ)៖ ក្រោយពីមានភ្លៀងធ្លាក់រយៈពេល២ ទៅ៣ថ្ងៃជាប់ៗគ្នាកន្លងមក នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ បានចុះពិនិត្យការបុកស៊ីផាយ និងស្ថានភាពសំរាម នៅក្នុងប្រឡាយបឹងត្របែក ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបច្ចុប្បន្ន បុកបានប្រហែលជិត ៨០ភាគរយ។

លោក ថេង សុថុល បានឱ្យដឹងថា ចំពោះការចុះត្រួតពិនិត្យស្ថានភាព នៃការបុកស៊ីផាយ ប្រឡាយបឹងត្របែក នាពេលនេះ គឺក្នុងគោលបំណងចង់ដឹងថា ក្រោយពេលភ្លៀងធ្លាក់ប៉ុន្មានមេជាប់ៗគ្នា នាប៉ុន្មានថ្ងៃនេះ តើមានសំរាមហូរ តាមខ្សែទឹកប្រឡាយបឹងត្របែក កម្រិតណាដែរ ដើម្បីខាងអាជ្ញាធរមានវិធានការ ចុះកើបកាយយកសំរាមចេញពីប្រឡាយ ទឹកបឹងត្របែក ដើម្បីកុំឱ្យមានការកកស្ទះចរន្តទឹក ក្នុងប្រឡាយ ហើយក៏អាចធ្វើ ឱ្យប៉ះពាល់បរិស្ថានមិនល្អ ដល់ការរស់នៅរបស់ប្រជាជន ដែលរស់នៅក្បែរប្រឡាយ បឹងត្របែកនេះផងដែរ ជាពិសេស ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការស្ថាបនាបុកស៊ីផាយ ឱ្យរួចរាល់តាមផែនការដែលគ្រោងទុក នៅមុនរដូវរវស្សាមកដល់នៅពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនោះដែរលោក ថេង សុថុល ក៏បានឱ្យដឹងទៀតថានៅក្នុងខណ្ឌចំការមន មានអ្នកកម្មករ ពលករដែលបានវិលត្រឡប់ មកពីស្រុកកំណើតពួកគាត់ ប្រមាណជាង១០០នាក់ តែប៉ុណ្ណោះ ហើយឥឡូវលោកកំពុងទំនាក់ ជាមួយខាងអាជ្ញាធរពាក់ព័ន្ឋ ដើម្បីយកគាត់ទៅដាក់នៅកន្លែងសុវត្ថិភាព រយៈពេល១៤ថ្ងៃ។

លោក ថេង សុថុល បានបញ្ជាក់ទៀតថា បើតាមគម្រោងការបុកស៊ីផាយ ប្រើរយៈពេលប្រមាណ៣០ថ្ងៃប៉ុណ្ណោះ នឹងរួចរាល់ហើយ ស្មើចំងាយ ២៧១ម៉ែត្រ។ លោកអភិបាលខណ្ឌចំការមន បានឱ្យដឹងទៀតថា នេះជាជោគជ័យដ៏ធំមួយសម្រាប់ដំណើរការងារបុកស៊ីផាយ ដោយមិនប្រើ រយៈពេលវែងនោះទេព្រោះបើគិតរហូតមកដល់ពេលនេះ ឬថ្ងៃពោលគឺថ្ងៃទី១៧ ខែមេសា កម្លាំងអាជ្ញាធរពិសេស ផ្នែកជំនាញគាត់ បានធ្វើរួចរាល់ បានជិត៨០ភាគរយហើយ ហើយក្នុងនោះអាជ្ញាធរបន្តជំរុញការងារនេះ ថែមទៀត ដើម្បីលកលៃធ្វើយ៉ាងណា ឱ្យបានហើយរួចរាល់មុនរដូវវស្សានា ពេលខាងមុខនេះ៕