(ភ្នំពេញ)៖ ទាំងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយថា នៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ត្រូវបានបិទដោយសារឆ្លងរីករាលដាលមេរោគ COVID-19។
ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ច បានចុះផ្សព្វផ្សាយព័ត៌មានជូនពលរដ្ឋថា នៅមូលដ្ឋានសង្កាត់បឹងកេងកង១ មិនមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩នោះទេ។
ក្នុងប្រតិបត្ដិការនេះដោយមានការចូលរួម ពីលោកវរសេនីយ៍ត្រី កុយ ខាន់ណារិទ្ធ អធិការរងនគរបាលខណ្ឌបឹងកេងកង តំណាងលោក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌ, លោកវរសេនីយ៍ត្រី គល់ សុផាត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកេងកង១ រួមជាមួយប្រធានភូមិទាំង៩។
បើតាមលោកអភិបាលខណ្ឌ ព័ត៌មានដែលថា មានការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នៅមូលដ្ឋានសង្កាត់បឹងកេងកង១នោះ តាមពិតមានឆ្លងចំនួន ២គោលដៅ មនុស្ស ៤នាក់ ជាជនបរទេស រួមមាន៖
* ទី១៖ គោលដៅខុនដូ ប្រូវេន មានទីតាំងផ្ទះ២៤ ផ្លូវ៣០២ ភូមិសង្កាត់ បឹងកេងកង១ ខណ្ឌបឹងកេងកង
* ទី២៖ គោលដៅ អាផាតមិនឡូត៍លេខ១៩ ផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ដោយឡែកលោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ បានបញ្ជាក់ថា លោកសូមបដិសេធចំពោះព័ត៌មានក្លែងក្លាយទាំងនេះ ដែលបាននិយាយថា សង្កាត់បឹងកេងកងទី១ ត្រូវបានបិទ ជាក់ស្តែងមិនមានការបិទអ្វីនោះទេ។
លោកថា «ដើម្បីបញ្ជាក់ឲ្យសាធារណជនបានឃើញកាន់តែច្បាស់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចូលរួមសហការ ក្រោមការដឹកនាំរបស់លោកអភិបាលខណ្ឌ ដើម្បីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីករណីនេះ ជាពិសេសណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កុំជឿតាមព័ត៌មានមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសត្រូវរក្សាអនាម័យជាប្រចាំ កាត់បន្ថយការជួបជុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩»។
ក្រោយពីក្រសួងសុខាភិបាល បានចុះដល់គោលដៅទាំង២ហើយ បានយកបុគ្គលិកនៅទីនោះ ធ្វើតេស្តរកមេរោគកូវីដរួចហើយ បញ្ជាក់ថា ពុំមានការឆ្លង ទៅបុគ្គលិកទេ ហើយបានសំអាតតាមវិធីសាស្រ្តពេទ្យ បាញ់ថ្នាំសំលាប់មេរោគរួចរាល់ហើយដែរ។ ចំពោះភ្ញៀវដែលស្នាក់នៅទីនោះ ស្នាក់នៅធម្មតា៕