(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីក្រោមឱវាទ ថ្លែងអំណរគុណអង្គការមេត្រីអន្តរជាតិ (AIM) យ៉ាងជ្រាលជ្រៅបំផុត បន្ទាប់ពីលោកទទួលបានគ្រឿងឧបភោគបរិភោគ ពីអង្គការមេត្រីអន្តរជាតិ (AIM) មួយនេះ ដើម្បីត្រៀមបង្ការជំងឺកូវីដ-១៩។
ការថ្លែងអំណរគុណរបស់លោក ជា ពិសី ចំពោះអង្គការមេត្រីអន្តរជាតិ (AIM) ខាងលើនេះ បានរៀបចំឡើងដោយមានការចូលរួមពីអភិបាលរងខណ្ឌ៣រូប គឺលោក ស៊ូ សោគន្ធ, លោក លីន ញ៉ក់, និងលោកស្រី សួស សូលីដា និងអស់លោក-លោកស្រីចៅសង្កាត់ ព្រមទាំងមន្ត្រីបុគ្គលិកមួយចំនួនទៀត នៅក្នុងពិធីប្រគល់ និងទទួលគ្រឿងឧបភោគបរិភោគ នៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសប្រគល់ និងទទួលអំណោយនេះ លោក ជា ពិសី បានបន្តថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ឲ្យមានប្រសិទ្ធភាព វាអាស្រ័យលើកត្តា ៣ជាចំបង៖
*ទី១៖ កត្តាសំភារៈដូចដែលមាននៅចំពោះមុខនេះស្រាប់
*ទី២៖ ចំណេះដឹង វាអាស្រ័យលើប្រជាពលរដ្ឋ មានការយល់ដឹងពីជម្ងឺនេះជាអ្វី? ឆ្លងរបៀបណា? ការពារខ្លួនរបៀបណា?
*ទី៣៖ គឺមនសិការបើគ្រាន់តែមានសំភារៈ និងការយល់ដឹងតែគ្មានឆន្ទៈចូលរួមទេ ក៏គ្មានប្រសិទ្ធភាពអ្វីដែរ។
សូមជម្រាបថា អំណោយដែលរដ្ឋបាលខណ្ឌ បានទទួលពីអង្គការមេត្រីអន្តរជាតិ (AIM) រួមមាន៖ អង្ករចំនួន ០១តោន, ទឹកត្រី ២០យួរ, ទឹកស៊ីអ៊ីវ ២០យួរ, ដើម្បីចូលរួមចំណែកក្នុងការបង្ការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ មានឆ្លងកូវីដ១៩ ចំនួន ១២២នាក់ តែអ្នកជាសះស្បើយមានចំនួន ៩៨នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលត្រឹម ២៤នាក់៕