(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ហាងមួយ មានឈ្មោះ «ANGKOR CAFÉ» សូមរួសរាន់ទៅធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្មរបស់ខ្លួន ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបន្តដំណើរការរៀបចំសោភ័ណភាព នៅបរិវេណប្រាសាទអង្គរវត្ត ឱ្យមានរបៀបរៀបរយ ពិសេសកន្លែងអាជីវកម្មលក់ដូរនោះតែម្ដង។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើបច្ចុប្បន្នភាពតូបលក់ដូរថ្មីជូនអាជីវករទាំងអស់ ដើម្បីរៀបចំឡើងវិញឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អ នៅបរិវេណប្រាសាទអង្គរវត្តឱ្យសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អាជីវករទាំងឡាយក៏បានមកចូលរួមធ្វើការងារនេះ ជាមួយអាជ្ញាធររួចរាល់ហើយដែរ ដោយឡែកនៅតែម្ចាស់ហាង «ANGKOR CAFÉ» នេះតែមួយគត់ប៉ុណ្ណោះ ដែលមិនទាន់មកធ្វើបច្ចុប្បន្នភាពតូបរបស់ខ្លួនជាមួយអាជ្ញាធរជាតិអប្សរា។
ហេតុដូច្នេះហើយ បានជាអាជ្ញាធរជាតិអប្សរាសម្រេចចេញសេចក្ដីជូនដំណឹងចុងក្រោយមួយនេះ ក្នុងន័យអំពាវនាវដល់ម្ចាស់ហាង «ANGKOR CAFÉ» អញ្ជើញមកធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្មរបស់ខ្លួន ដោយទុករយៈពេល ២ សប្ដាហ៍ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ តទៅ។
ប្រសិនបើម្ចាស់ហាងខាងលើនេះនៅតែមិនទៅធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្មរបស់ខ្លួនទេនោះ ផុតពេលកំណត់ ២សប្ដាហ៍ខាងលើ អាជ្ញាធរជាតិអប្សរានឹងចាប់អនុវត្តដំណើរការរុះរើ និងរៀបចំសោភ័ណភាព ដោយមិនធានាខុសត្រូវចំពោះការបាត់បង់ ឬខូចខាតសម្ភារៈនានាក្នុងពេលរុះរើហាងនោះឡើយ៕