(កណ្តាល)៖ លោក ថាំង វីយុទ្ធដា ប្រធានគណៈពង្រឹងមូលដ្ឋានឃុំកោះចិន និងសមាជិកប្តេជ្ញាគាំទ្រ គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់ អណត្តិបន្តបន្ទាប់នាពេលខាងមុខ ។
ការថ្លែងប្តេជ្ញារបស់ប្រធានគណៈពង្រឹងឃុំកោះចិន ស្រុកពញាឮ និងសមាជិករបស់ខ្លួនខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា នៅទីស្នាក់ការគណបក្សឃុំកោះចិន ដែលមាន សមាជិកសមាជិការ ចូលរួមប្រមាណ ២០០នាក់។
លោក ថាំង វីយុទ្ធដា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ គិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងជំរុញ ការអភិវឌ្ឍន៏ប្រទេសជាតិ លើគ្រប់វិស័យ។
លោកបានក្រើនរំលឹកអំពីប្រវត្តិនៃថ្ងៃ៧ មករា ឆ្នាំ១៩៧ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ ចាកផុតពីការកាប់សំលាប់ក្នុងរបប ប្រល័យពូជសាសន៏ប៉ុលពត ប៉ុន្តែត្រូវបានមនុស្សមួយចំនួនបំភ្លៃការពិតខុសពីប្រវត្តិសាស្ត្រដែលប្រជាជនស្ទើរទូទាំងប្រទេសបានជួប ប្រទះនិងចងចាំជានិច្ច នូវថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។
ក្រោយបញ្ចប់សំណេះសំណាល លោកប្រធានគណៈពង្រឹង បានឧបត្ថម្ភសមាជិកចូលរួម ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ម៉ឺនរៀល ផងដែរ។