(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានអះអាងពីភាពវិជ្ជមាននៃការវិនិយោគលើមណ្ឌលផ្សារទំនើបក្នុងរាជធានីភ្នំពេញ ដោយសារមើលឃើញពីទីផ្សារធំទូលាយ និងកំណើននៃនគរូបនីយកម្មយ៉ាងឆាប់រហ័ស។
នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Michael Vong បានបញ្ជាក់ថា បច្ចុប្បន្នការលក់ដូរទំនិញនៅផ្សារទំនើបមានត្រឹមតែប្រមាណ៣០ភាគរយប៉ុណ្ណោះ ខណៈដែលការលក់រាយនៅតាមផ្សារធម្មតាមានរហូតដល់៧០ភាគរយ ដែលនេះផ្ដល់ឱកាសច្រើនក្នុងការវិនិយោគក្នុងវិស័យផ្សារទំនើប។
លោក Michael Vong បានបញ្ជាក់ថា៖ «យើងនៅមានឱកាសច្រើន ដើម្បីអភិវឌ្ឍវិស័យនេះ ហើយយើងត្រូវធ្វើយ៉ាងមិចឲ្យអត្រាភាគរយនៃការលក់ដូរក្នុងផ្សារទំនើបនេះកើនឡើង»។
លោក Michael Vong បានសង្កេតឃើញថា អត្រានគរូបនីយកម្មរបស់ប្រទេសកម្ពុជាកើនឡើងប្រហែល២០%ជារៀងរាល់ឆ្នាំ ដោយមានមនុស្សជាច្រើនបានផ្លាស់ប្ដូរមករស់នៅទីក្រុង ដែលធ្វើឲ្យរាជធានីភ្នំពេញរីកធំទៅៗ ជាពិសេសប្រជាពលរដ្ឋជំនាន់ថ្មី ដែលកំពុងតែកើនឡើង។ ទាំងមណ្ឌលផ្សារទំនើប និងផ្សារទំនើប ជីប ម៉ុង កំពុងចាប់យកទីផ្សារ និងបំពេញតាមតម្រូវការទាំងនេះ។
លោក Michael Vong បានបញ្ជាក់ថា ការវិនិយោគនៅក្នុងវិស័យផ្សារទំនើបរបស់ ជីប ម៉ុង រីថែល នឹងធ្វើទៅព្រមគ្នាទៅនឹងគម្រោងផ្សេងៗរបស់ ជីប ម៉ុង ដោយនៅគ្រប់គម្រងលំនៅស្ថានប្រណិតរបស់ ជីប ម៉ុង លែន នីមួយៗគឺសុទ្ធសឹងតែភ្ជាប់មកជាមួយនូវគម្រងផ្សារទំនើបរបស់ ជីប ម៉ុង រីថែល។
អាស្រ័យទៅលើលក្ខខណ្ឌអំណោយផលទាំងនេះ នៅក្នុងរយៈពេល៣ឬ៥ឆ្នាំទៅមុខ នឹងអាចមើលឃើញវត្តមានផ្សារទំនើបថ្មីៗជាច្រើនចាប់កំណើត ជាពិសេសផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល នេះតែម្តង៕