(ភ្នំពេញ)៖ នៅរយៈពេល៣ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន៥៣,០៥៧តោន កើតឡើង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។
របាយការណ៍បន្តថា នៅត្រីមាសទី១ ឆ្នាំ២០២០នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ១៤២០ដុល្លារក្នុង១តោន។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៣ខែមកនេះ មានចំនួន៧៥,៣៤០,៩៤០លានដុល្លារអាមេរិក។
សូមជម្រាបថា មកដល់បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន៤០៥,៤៨៥ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,៧៥០ហិកតាស្មើនឹង៦២ភាគរយ និងផ្ទៃដីថែទាំចំនួន១៥៤,៧៣៥ហិកតា។
ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕