(ភ្នំពេញ)៖ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ប្រសិនបើឥទ្ធិពលរបស់ជំងឺ COVID-19 នៅតែបន្ដអូសបន្លាយដោយជះឥទ្ធិពលខ្លាំងដល់ប្រទេសកម្ពុជា នោះការជួបជុំលក្ខណៈសាសនា នៅតែរឹតត្បិតដដែល ហើយសាសនិកទាំងអស់ត្រូវអនុវត្តតាមអ្វីដែលជាវិធានរបស់ក្រសួងសុខាភិបាល។
ការលើកឡើងរបស់លោក សេង សុមុនី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងធម្មការ និងសាសនា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «បើសិនជាករណី COVID-19 នេះនៅអូសបន្លាយ គឺរាជរដ្ឋាភិបាលបានគិតគូរហើយ ចំណុចជួបជុំសាសនា ហើយការណែនាំការជួបជុំនោះ គឺនៅមានប្រសិទ្ធភាពនៅឡើយទេ ដូច្នេះយើងនឹងបន្ដអនុវត្ត ព្រោះការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក្ដី និងចូលឆ្នាំមិនខុសគ្នាទេ ជាបុណ្យប្រពៃណី គឺនៅតែបន្ដធ្វើដដែល តែមិនឲ្យជួបគ្នាច្រើន»។
ចំពោះសំណួរដែលចោទសួរថា តើជំងឺ COVID-19 ធ្វើឲ្យប៉ះពាល់ដល់ចង្ហាន់របស់ព្រះសង្ឃដែរឬទេ? ត្រូវបានលោក សេង សុមុនី អះអាងថា មិនមានផលប៉ះពាល់នោះទេ ពោលប្រជាពលរដ្ឋនៅតែបន្ដរកចង្ហាន់ទៅប្រគេនព្រះសង្ឃដដែល គ្រាន់តែមិនមានការជួបជុំគ្នាច្រើននៅវត្តតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋក្រោយប្រគេនចង្ហាន់រួច ក៏ប្រញាប់ត្រឡប់មកផ្ទះវិញធម្មតា។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការគ្រប់គ្រងការស្នាក់នៅក្នុងវត្តអារាម ត្រូវបានលោកអះអាងថា គឺមានការគ្រប់គ្រងយ៉ាងតឹងរឹងពីសំណាក់ ព្រះចៅអធិការនៅតាមវត្តនីមួយៗ ហើយគ្រប់វត្តអារាមក៏តែងតែធ្វើការអប់រំជាបន្ដបន្ទាប់ នូវអ្វីដែលជាសាររបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើការបង្ការ និងទប់ស្កាត់ជំងឺនេះផងដែរ។
ដោយឡែក សម្រាប់វិធានការណ៍ការពាររបស់ព្រះសង្ឃវិញ ក៏តម្រូវឲ្យពាក់ម៉ាស់ ឬរបាំងការពារមុខផងដែរ ដូច្នេះការពាក់ម៉ាស់ ឬរបាំងមុខការពារនេះ មិនខុសនឹងវិន័យសង្ឃនោះឡើយ៕