Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសង្ឃខេត្តស្វាយរៀង នាំអំណោយ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំង COVID-19

17-04-2020 12:23

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញទទួលយកអំណោយ ពីព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក ព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក ផ្ដល់ជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អំណោយទាំងនោះ រួមមាន៖ មី១២កេស ទឹកសុទ្ធ ៦កេស និងថវិកាចំនួន៤,០០០,០០០រៀល។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណ និងកោតសរសើរនូវទឹកព្រះទ័យរបស់ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក ព្រមទាំងព្រះគ្រូចៅអធិការទាំង៥២វត្ត ក្នុងស្រុករមាសហែក ដែលបានចូលរួមឧបត្ថម្ភថវិកា មី និងទឹកសុទ្ធដល់រដ្ឋបាលខេត្ត សម្រាប់គាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងភាពមិនអាចខ្វះបាន នូវការរួមចំណែកនៃវិស័យពុទ្ធចក្រ ចូលរួមជាមួយវិស័យអាណាចក្រ ក្នុងកិច្ចការដោះស្រាយបញ្ហាសង្គម។

លោក ម៉ែន វិបុល បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងយកអំណោយ ដែលបានផ្ដល់ជូននេះ ទៅប្រើប្រាស់បម្រើឲ្យសកម្មភាពនានា ទាំងការងារផ្សព្វផ្សាយអប់រំពីវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការងារសង្គម ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៅមូលដ្ឋាន ស្របតាមអនុសាសន៍ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទោះជាក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់ បរិភោគនោះឡើយ។

ទន្ទឹមនេះ ជាមួយនិងការថ្លែងអំណរព្រះគុណនូវទឹកព្រះទ័យ ដ៏សប្បុរសនេះ លោកអភិបាលខេត្ត ក៏បានបង្ហាញនូវសេចក្ដីសង្ឃឹមជឿជាក់ថា ព្រះតេជគុណព្រះសង្ឃ គ្រប់ព្រះអង្គ និងទីអារាមក្នុងខេត្ត នឹងបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាន់តែទទួលបានជោគជ័យ និងទប់ស្កាត់បានជាបន្តទៀត មិនឲ្យមានប្រជាពលរដ្ឋឆ្លងនូវជំងឺរាតត្បាតនេះ៕