(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានផ្តាំដល់បណ្តាឈ្មួញទាំងឡាយ ណា ដែលលក់ផលិតផលគ្មានច្បាប់ត្រឹមត្រូវ សូមប្រញាប់ទៅចុះបញ្ជីនៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការលើកកម្ពស់សុខភាពជូនអ្នកប្រើប្រាស់។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្នុងពិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសហការជាមួយ ក្រុមហ៊ុន ធី អ អ៉ី អ៉ីមផក អិចផត ឯ.ក (TRE IMPORT EXPORT CO., LTD.) ដើម្បរួមគ្នាទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយនៅកម្ពុជា។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុនដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ យើងត្រូវតែទទួលស្គាល់ និងលើកទឹកចិត្តឲ្យបន្តសកម្មភាព ធុរកិច្ចរបស់ខ្លួន ឲ្យបានកាន់តែរីកចម្រើនថែមទៀត។ ចំណែឯអ្នកមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវប្រញាប់ស្រូតរូតរះទៅបំពេញបែបបទ ចុះបញ្ជីស្នាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋយើង ដែលជាអ្នកប្រើប្រាស់បានទទួលនូវផលិតផល និងសេវាកម្ម ដែលមានគុណភាពល្អ ហើយស្របច្បាប់»។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានលើកឡើងពីការរាលដាលនៃជំងឺកូវីដ១៩ ដោយខណៈដែលសកលលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបមានករណីជំងឺនេះ ហើយដែលស្ថិតក្នុង ស្ថានភាពដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួនបានលួចនាំចូល និងចែកចាយនូវឧបករណ៍បរិក្ខាពេទ្យ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាស់លាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទានទទួលបានលិខិតអនុញ្ញាត ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ។ លោកថ្លែងថា សកម្មភាពនេះ គឺជាអំពើខុសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបន្តថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងវិស័យឯកជន ព្រមទាំងភាគីនានា បាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការរួមគ្នាទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយនៅក្នុងប្រទេស ហើយពេលជំងឺកូវីដ១៩ កំពុងរាតត្បាតនេះ វាគឺជាពេលវេលាមួយ ក្នុងការចូលរួមសហការគ្នាបន្ថែមទៀត ទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីរួមគ្នាក្នុងគោលដៅតែមួយ លើកកម្ពស់សុខុមាលភាពសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកក៏បានសំណូមពរដល់ក្រុមហ៊ុន និងអ្នកព័ត៌មានទាំងអស់ ជួយរាយការណ៍ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពីឈ្មួញណាដែលលក់ផលិតផលក្លែងក្លាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការចរាចរផលិតផលក្លែងក្លាយក្នុងប្រទេស។

លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អ៉ី បានឲ្យដឹងថា ក្រុមហ៊ុន ធី អ អ៉ី គឺជាក្រុមហ៊ុនស្របច្បាប់ ដែលបាននាំចូលផ្តាច់មុខ និងចែកចាយផលិតផលគ្រឿងសម្អាង ចំណីអាហារ និងផលិតជំនួយសុខភាព ពីបណ្តាប្រទេសនៅប៉ែកអាស៉ី និងអឺរ៉ុប មានដូចជាប្រទេសអ៉ីតាលី ថៃ កូរ៉េ បារាំង ជាដើម។ ដោយមើលឃើញពីស្ថានភាពការរីករាលដាល នៃផលិតផលក្លែងក្លាយ និងខុសច្បាប់ ដែលប៉ះពាល់ និងសុវត្ថិភាព ទើប គ.ប.ផ.ក រៀបចំឲ្យមានកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុន ដើម្បីធ្វើកិច្ចសហការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងចែកចាយនូវផលិតផល ដែលក្លែងក្លាយនិងខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និងដើម្បីជួយការពារផលប្រយោជន៍ ស្របច្បាបើរបស់ក្រុមហ៊ុន ការប្រកបអាជីវកម្ម និងរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុ និងបេសកកម្មថែរក្សាលើកកម្ពស់សុខភាព សាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រី បានបន្តថា បន្ថែមលើសពីនេះទៅទៀត កន្លងមក ក្រុមហ៊ុន ធី អ អ៉ី ក៏បានចូលរួមចំណែកក្នុងធ្វើការងារមនុស្សធម៌ និងសង្គមកិច្ចជាច្រើន ដោយសារទស្សនៈវិស័យរបស់ក្រុមហ៊ុន ទៅថ្ងៃខាងមុខមិនត្រឹមតែពង្រឹងតែលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលតែត្រឹមប៉ុណ្ណោះទេ តែក្រុមហ៊ុនក៏បានគ្រោង និងត្រៀមចូលរួមចំណែកឲ្យបានកាន់តែច្រើន នៅក្នុងការជួយដល់សង្គមជាតិដូចជា លើកស្ទួយស្រ្តីក្នុងការបង្កើនប្រាក់ចំណូល ឲ្យបានកាន់តែច្រើនដូចបុរស រូមចំណែកលើកស្ទួយវិស័យអប់រំ ថែរក្សាការពារបរិស្ថាន យុទ្ធនាការប្រឆាំងគ្រឿងញៀន និងសម្មភាពផ្សេងៗជាច្រើនទៀត ដែលយើងអាចធ្វើទៅបាន ដើម្បីសង្គមជាតិយើង។

សូមបញ្ជាក់ថា ក្នុងពិធីចុះហត្ថលេខានេះ ក្រុមហ៊ុនធី អ អ៉ី អ៉ីមផក អិចផត ឯ.ក ក៏បានប្រគល់សម្ភារមួយចំនួនរួមមាន អាកុល និងជែលសម្រាប់លាងដៃ ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីចូលរួមការពារការរីករាលដាល ជំងឺកូវីដ-១៩ ផងដែរ។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ តែងតែបានបើកប្រតិបត្តិការបង្ក្រាប និងបំផ្លាញចោលផលិតផលខុសច្បាប់ជាច្រើន និងមានចំនួនរាប់រយតោន ក្នុងនោះរួមមាន ផលិតផលឱសថគ្រឿងសម្អាង ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគខុសច្បាប់ និងខូចគុណភាពជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់ទៀតផង៕