(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានចាត់ក្រុមការងារនាំយកប្រដាប់ប្រដារ គ្រឿងឧបភោគ បរិភោគ សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ទល់ការរាតត្បាតនៃវីរុស Covid-19។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ មុនីនាថ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង បានដឹកនាំក្រុមការងារ យកអំណោយទាំងនេះ និងបានប្រគល់ម៉ូតូដឹកសំរាមចំនួន ២គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលក្រុងកោះរ៉ុង សម្រាប់ប្រើប្រាស់ និងបែងចែកជូនក្រុមការងារចុះជួយសង្កាត់ទាំង២ និងប្រជាពលរដ្ឋ តាមគោលដៅចាំបាច់នានា។
ចំណែកឯនៅស្រុកព្រៃនប់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃនប់ ដឹកនាំដោយលោក សូ ខនឬទ្ធីគុណ បាននាំយកភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាការឧបត្ថម្ភរបស់លោក សាយ សំអាល់ ផ្តល់ជូនរដ្ឋបាលស្រុកព្រៃនប់ សម្រាប់ប្រើប្រាស់លើគោលដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះផងដែរ។
គួររំលឹកថា កន្លងមកលោក តឹក រ៉េតសំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងព្រះសីហនុ ក៏ធ្លាប់បាននាំនូវអំណោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីធ្វើការផ្ដល់ជូនរដ្ឋបាលក្រុងព្រះសីហនុ បែងចែកប្រើប្រាស់ក្នុងគោលដៅ ប្រយុទ្ធប្រឆាំងទប់ទល់ការរាតត្បាតនៃជំងឺ Covid-19។
អំណោយដែលត្រូវផ្តល់ជូន រួមមាន៖ Poster ផ្ទាំង និងប្រតិទិន Hand Gel Hand Spray សាប៊ូ ទឹកអាកុល អេតាណុល ជែលលាងដៃ ម៉ាស ក្រមា អង្ករ ស្ករស មី និងភេសជ្ជៈជាច្រើនមុខទៀត៕