(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញឲ្យមានការដោះស្រាយដោយស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកូនបំណុល ក្នុងគ្រាលំបាកនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីថ្លែងការណ៍របស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនាមជាសមាគមវិជ្ជាជីវៈបានលើកឡើងនូវឆន្ទៈរបស់ខ្លួន ក្នុងការសម្រួល និងដោះស្រាយបញ្ហាចំនួន៦ចំណុច៖

១៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែរក្សានិងប្រកាន់ខ្ជាប់ នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយអោយប្រជាជនកម្ពុជា គ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសំបូរបែប និងទាន់ពេលវេលាតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ សមាគមជឿជាក់ថា ទាំងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាដៃគូដ៏មានសារៈសំខាន់ដែលមិនអាចខ្វះគ្នា បានគ្រប់កាលៈទេសៈ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានជំនឿថា ក្នុងកាលៈទេសៈនេះមានតែការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា រវាងអតិថិជន និងគ្រឹះស្ថាន ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវនោះទេ ទើបយើងអាចឆ្លងកាត់ការលំបាកនេះ បានទាំងអស់គ្នា។

២៖ សមាជិកសមាគមទាំងអស់ នឹងខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនិងគាំទ្រ
អតិថិជនរបស់ខ្លួន។ ជាការពិតណាស់ ក្នុងគ្រាដ៏លំបាកនេះ គ្រឹះស្ថាននីមួយៗដែលជាសមាជិកសមាគម មានសមត្ថភាព និងលទ្ធភាពផ្សេងៗគ្នា ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន។ គណៈគ្រប់គ្រង ភាគទុនិក បុគ្គលិកគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថាននីមួយៗ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីធានា និរន្តរភាពវិស័យ និងបន្តផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន។

៣៖ ក្នុងការគាំទ្រអតិថិជនរបស់ខ្លួន ដែលទទួលរងផលប៉ះពាល់ សមាជិកសមាគមនីមួយៗបាននិងកំពុង អនុវត្តដំណោះស្រាយផ្សេងៗ ទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្តែងរបស់អតិថិជនម្នាក់ៗ ហើយដំណោះស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលើវិស័យទាំងបួន រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន ដូចមានចែងនៅក្នុងសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

៤៖ ដើម្បីទទួលបានការគាំទ្រនិងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជនត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជនត្រូវផ្តល់ព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។

៥៖ ចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមសូមធ្វើការលើកទឹកចិត្ត ដល់អតិថិជន អោយបន្តការបង់សងត្រលប់តាមធម្មតា ដោយទុកអាទិភាពអោយគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់
ធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈនេះ ការប្រកាន់ភាពស្មោះត្រង់ និងការផ្តល់សម្បទានទៅអ្នកដែលលំបាកខ្លាំង គឺ
ជាកាយវិការសប្បុរស ដែលនឹងទទួលបាននូវការគោរព។

៦៖ សមាគម រួមជាមួយសមាជិករបស់ខ្លួន បាននិងកំពុងតាមដានស្ថានភាពវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាងយកចិត្តទុកដាក់ជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

ជាថ្មីម្តងទៀត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជឿជាក់យ៉ាងមុតមាំថា នៅពេលដែលគ្រឹះស្ថានមីក្រូហិរញវត្ថុ និងអតិថិជន ចូលរួមជាមួយគ្នារកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ យើងពិតជាធានាបាននូវ និរន្តរភាពវិស័យហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរបស់យើង៕