(ភ្នំពេញ)៖ ក្រុមការងាររបស់ក្រុមហ៊ុន TH F&B បានចុះទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្ទាល់ ដើម្បីផ្តល់ជូនចំណីអាហារមួយចំនួន ជូនដល់លោកគ្រូ និងអ្នកគ្រូពេទ្យ ដែលមានកាតព្វកិច្ចក្នុងការមើលថែទាំ និងព្យាបាលអ្នកជំងឺ COVID-19។
លើសពីនោះទៀត ក្រុមការងារ របស់ក្រុមហ៊ុន TH F&B ក៏បានចុះទៅដល់ទីតាំងសមត្ថកិច្ច ដែលប្រចាំការ ក្នុងការបិទព្រំប្រទល់ រវាងខេត្តកណ្តាល និងខេត្តកំពង់ចាម ដើម្បីផ្តល់ជូនចំណីអាហារមួយចំនួន ដល់សមត្ថកិច្ចនៅទីនោះផងដែរ នាពេលថ្មីៗនេះ។
បើតាមនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន TH F&B បាននិយាយថា «នេះជាការរួមចំណែកមួយ ដ៏ល្អប្រសើរក្នុងការជួយលើកទឹកចិត្ត និងកោតសសើរសម្រាប់ ការខំប្រឹងប្រែងបំពេញ ការងាររបស់ពួកគាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19»។
លោក Rod Estonilo អ្នកគ្រប់គ្រងផ្នែកចាត់ការទូទៅ របស់ Cold Stone Creamery បានលើកឡើងថា «សមត្ថកិច្ចមានតួរនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យតំបន់នីមួយៗ មានសុវត្ថិភាព និងបង្ការការរីករាលនៃមេរោគ COVID-19 តាមតំបន់ផងដែរ»។
គូសបញ្ជាក់ថា នេះជាផ្នែកមួយ នៃចក្ខុវិស័យរបស់ TH Group ក្នុងការរួមចំណែកដើម្បីជួយដល់សង្គម៕