(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានទទួលអំណោយមនុស្សធម៌ពីលោក តាំង សុខឃី និងលោកមេធាវី សេក ពៅ នូវអង្ករចំនួន ២តោន ត្រីខកំប៉ុង ២០កេស និងទឹកអាល់កុល ៣០០លីត្រ នៅទីស្នាក់ការសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
លោក តាំង សុខឃី បានសន្យាថានឹងបន្តការជួយឧបត្ថម្ភអំណោយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺផ្លូវកូវីដ-១៩ជាបន្តទៀតនៅថ្ងៃខាមុខ ។
លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនខាងលើ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយទឹកចិត្តជ្រះថ្លា ហើយលោកនឹងសន្យាថា សាខានឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺ COVID-19 នៅក្នុងខេត្តកណ្តាល ដោយគ្មានការរើសអើង ចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ដើម្បីឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕