(រតនគិរី)៖ ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានបញ្ជាឱ្យកម្លាំងនគរបាលក្រុងបានលុង ចុះចាប់ឃាត់ខ្លួនជនសង្ស័យបីនាក់ ដែលហាក់ដូចជាផ្គើននឹងសមត្ថភាពរបស់កម្លាំងនគរបាលពេក ដោយហ៊ានបង្ហោះលក់ថ្នាំញៀន លើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។
លោកវរសេនីយ៍ឯក ហូត បូរី អធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ដែលបានបង្ហោះលក់ម៉ាទឹកកក លើបណ្តាញសង្គមហ្វេសប៊ុក មានទី១៖ ឈ្មោះ ជឿន ប៊ុនថាន ហៅអូន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង (ជាអ្នកយក Acoount Facebook អតីតប្រពន្ធ បង្ហោះលក់ថ្នាំញៀន), ទី២៖ ឈ្មោះ ឯម សុចាន់ត្រាបុត្រ ហៅបារាំង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង និងទី៣៖ ឈ្មោះ សួង សុភ័ក្រ ហៅភ័ស ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
លោកអធិការក្រុងបានលុងរូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងបីនាក់ខាងលើនេះ បន្ទាប់ពីធ្វើតេស្តិ៍ គឺឃើញមានសារធាតុញៀនក្នុងខ្លួន (វិជ្ជមាន) ទាំងបីនាក់។ ចំណែកឯវត្ថុតាងមិនមានដកហូតបានទេនោះទេ ប៉ុន្តែការបង្ហោះហ្វេសប៊ុកលក់ថ្នាំម៉ាទឹកកក និងរូបភាពសេពនោះ តុលាការអាចដាក់បន្ទុកបានហើយ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់៕