(សៀមរាប)៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបើកប្រតិបត្តិការឆ្មក់ចូលទៅបង្ក្រាបល្បែងស៊ីសង (បាញ់អាប៉ោង) មួយកន្លែងស្ថិតនៅភូមិសូភី ឃុំកន្រ្ទាំង ដោយឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងនោះមានស្រី ២នាក់ ព្រមទាំងវត្ថុមួយចំនួនទៀត។
លោកវរសេនីយ៍ទោ លឹម សុម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង ក្រោមការបញ្ជាក់ពីស្នងការនគរបាលខេត្ត និងស្នងការរងទទួលផែនព្រហ្មទណ្ឌ។
លោក លឹម សម្បត្តិ បានបញ្ជាក់ទៀតថា «ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយកន្លែង ស្ថិតនៅភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយឃាត់បានមនុស្សចំនួន១០នាក់ ស្រី២នាក់ និងដកហូតបានគ្រាប់អាប៉ោងចំនួន ៤គ្រាប់ កំរាល១ ចាន១ គម្រប១ សំរាប់លែងអាប៉ោង»។
បើតាមលោកអធិការ កម្លាំងរបស់លោកបាននាំពួកគាត់មកធ្វើសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងបានសុំគោលការណ៍ធ្វើកិច្ចសន្យាការអប់រំឲ្យត្រលប់ទៅមូលដ្ឋានវិញ៕