(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីពេលវេលា នៃការចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលទឹកប្រាក់ពិន័យក្នុងអនុក្រឹត្យថ្មីនេះ កើនពី៣ទៅ៥ដង។
សេចក្តីជូនដំណឹងរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសានេះ បានបញ្ជាក់ថា «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវឱ្យបានជ្រាបថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង»។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក៏រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមនៅកម្ពុជា៕