(ប៉េរូ)៖ សមាជិករបស់ក្រុមឧទ្ទាម រដ្ឋឥស្លាមម្នាក់ បានប្រហារជីវិតម្តាយរបស់ខ្លួន ជាសាធារណៈ ក្នុងទីក្រុង Raqqa ប្រទេស ស៊ីរី បន្ទាប់ពីស្ត្រីរូបនេះ ជម្រុញឲ្យលោកចាកចេញពីក្រុមឧទ្ទាម នេះបើយោងតាមការលើកឡើងរបស់ អ្នកអង្កេតការផ្នែកសិទ្ធមនុស្សប្រចាំប្រទេស ស៊ីរី ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ។
ស្ត្រីវ័យប្រមាណជា៤០ឆ្នាំរូបនេះ បានក្រើនរំលឹកដល់កូនប្រុសរបស់ខ្លួនថា ប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាម៉េរិក នឹងបោសសម្អាតក្រុមឧទ្ទាម ISIS ហើយបានជម្រុញលោកឲ្យចាកចេញពីទីក្រុងជាមួយនឹងលោកស្រី។ លោកស្រីត្រូវបានចាប់ខ្លួន បន្ទាប់ពីកូនប្រុសរបស់ខ្លួន ផ្តល់ដំណឹងនេះដល់ក្រុមឧទ្ទាម។
ប្រភពពីមនុស្សក្នុងតំបន់បានឲ្យដឹងថា កូនប្រុសវ័យប្រមាណ២០ឆ្នាំរូបនេះ បានប្រហារជីវិតម្តាយរបស់ខ្លួន នៅក្បែរកន្លែងធ្វើការ របស់លោកស្រី នៅចំពោះមុខមនុស្សរាប់រយនាក់ ក្នុងទីក្រុង Raqqa ប្រទេស ស៊ីរី៕