(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ជាខួប៤៥ឆ្នាំ នៃថ្ងៃដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់កំណើតឡើង បន្ទាប់ពីពួកគេបានវាយផ្តួលរំលំសារធារណរដ្ឋរបស់លោក លន់ នល់។ ថ្ងៃកំណើតនៃរបបប្រល័យពូជសាសន៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យរួមគ្នាទប់ស្កាត់កុំឱ្យរបបនេះកើតឡើងជាថ្មី។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំខ្មែរមួយរូប ដែលធ្វើពលីកម្មយ៉ាងក្លៀវក្លាក្នុងការវាយផ្តួលរំលំរបបដ៏ឃោរឃៅមួយនេះ តាមរយៈទំព័រ Facebook បានគូសរំលេចថា ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺជាថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឱ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំឱ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌មួយកំប៉្លេគត់។

សម្តេចតេជោស្ថាបនិកសន្តិភាពនៅកម្ពុជា បានរំលឹកថា ក្រៅពីបង្ខំឱ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម…។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរ។

សូមបញ្ជាក់ថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានចាប់កំណើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីបានវាយផ្តួលរំលំរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់។

របបកាប់សម្លាប់ ដ៏ឃោរឃៅ និងព្រៃផ្សៃនេះ ត្រូវបានវាយផ្តួលរំលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសនាពេលបច្ចុប្បន្ន រួមជាមួយអ្នកស្នេហាជាតិខ្មែរជាច្រើនផ្សេងទៀត៕