(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីអ្នកជំងឺកូវីដ១៩ឆ្លងថ្មី និងមិនមានករណីជាសះស្បើយឡើយ។ ខណៈចំនួនសរុបនៃអ្នកជាសះស្បើយស្ថិតនៅ៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដស្ថិតនៅចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយសរុបកើនដល់ ៩៨នាក់ (ស្មើនឹង ៨០,៣៣% ធៀបនឹងចំនួនអ្នក មានវីរុសកូវីដ-១៩ទាំងអស់) ដែលមានបុរសជនជាតិចិន ០១នាក់ ស្ត្រីជនជាតិអង់គ្លេស ០៣នាក់ បុរស ជនជាតិអង់គ្លេស ០១នាក់ បុរសជនជាតិប៊ែលហ្សិក ០១នាក់ បុរសជនជាតិបារាំង ១៧នាក់ (ក្នុងនេះ មានទារកអាយុ ០៤ខែ) ស្ត្រីជនជាតិបារាំង ២០នាក់ បុរសជនជាតិម៉ាឡេស៊ី១២នាក់ បុរសជនជាតិ ឥណ្ឌូណេស៊ី ០២នាក់ បុរសជនជាតិខ្មែរ ៣៦នាក់ និងស្ត្រីជនជាតិខ្មែរ ០៥នាក់ (គិតចាប់ពីខែមករាដល់ បច្ចុប្បន្ននេះ)។

ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាល សរុបនៅសល់ចំនួន ២៤នាក់ (ស្ត្រី១០នាក់ និងបុរស ១៤នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

សរុបអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និង អ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន ១២២នាក់ (ស្រ្តី ៣៨នាក់ និងបុរស ៨៤នាក់)៕