(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាកម្ពុជា បានប្រជុំវិសាមញ្ញរបស់ខ្លួន ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងមានការចូលរួមដោយសមាជិកព្រឹទ្ធសភា ៥៤រូប។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ត្រូវបានរដ្ឋសភាអនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
បន្ទាប់ពីពិនិត្យ និងឱ្យយោបល់គាំទ្រដោយ ព្រឹទ្ធសភាហើយនេះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលធម្មនុញ្ញភាព មុននឹងដាក់ថ្វាយព្រះមហាក្សត្រដើម្បីប្រកាសឱ្យប្រើប្រាស់។
«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕