(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងធម្មការ និងសាសនា» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងធម្មការ និងសាសនា ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជើញចូលរួមជាវាគ្មិនពី តំណាងក្រសួងធម្មការ និងសាសនា និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕