(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានទទួលទឹករ៉ែធម្មជាតិអូសិលាចំនួន៣,០០០កេស ពីក្រុមហ៊ុន «ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ ឯ.ក» ដែលសរុបទឹកប្រាក់មានចំនួន៧០,៣២០,០០០រៀល ដើម្បីជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩។
ពិធីប្រគល់ និងទទួលអំណោយទឹករ៉ែធម្មជាតិនេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុនគឺមានចូលរួមពីលោកឧកញ៉ា ពាង ផារ័ត្ន អគ្គនាយកក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ រួមនឹងថ្នាក់ដឹកនាំជាច្រើនរូប នៅទីស្តីការក្រសួងសុខាភិបាល។
គួរជម្រាបថា ក្រុមហ៊ុន «ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ ឯ.ក» បានឧបត្ដម្ភ ទឹករ៉ែធម្មជាតិអូរសិលា ក្នុង១ខែ ១,០០០កេស រយៈពេល៣ខែ ស្មើនឹង៣,០០០កេស ដែលគិតជាទឹកប្រាក់ស្មើនឹង៧០,៣២០,០០០រៀល។
លោកឧកញ៉ា ពាង ផារ័ត្ន អគ្គនាយកក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ ក៏បានគូសបញ្ជាក់ដែរថា «ការឧបត្ថម្ភជាអំណោយទឹករ៉ែធម្មជាតិចំនួន៣ពាន់កេសនេះ ធ្វើឡើងក្នុងសារតីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID19) ដែលកំពុងរីករាលដាល នៅព្រះរាជាណាចក្រកម្ពុជា»។
លោកឧកញ៉ា ពាង ផារ័ត្ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គួរមានអនាម័យស្អាត គួរលាងដៃជាប្រចាំ ហូបស្អាត គេងស្អាត និងអនុវត្តតាមគោលការណ៍ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងដាក់ជូនឲ្យអនុវត្ត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះ។
គោលបំណងដែលក្រុមហ៊ុន «ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ» ប្រគល់នូវអំណោយជាទឹកបរិសុទ្ធដល់ក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីជួយគាំទ្រ និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចឹត្តឱ្យសាធារណៈជនស្វែងយល់ ពីរបៀបរក្សារអនាម័យ ឱ្យបានល្អដើម្បីក្រុមគ្រួសារ និងសង្គមជាតិយើងទាំងអស់គ្នា។
ជាមួយគ្នានោះដែរ លោក ពាង ផារ័ត្ន ដែលមានតួនាទីជា ទីប្រឹក្សាក្រសួងផែនការមានឋានៈស្មើនឹង អនុរដ្ឋលេខាធិការ ក៏បានប្រកាសបរិច្ចាគប្រាក់ខែរបស់ខ្លួនទាំងអស់ ចំនួន៣ខែ គិតចាប់ពីខែឧសភា រហូរដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕