(ភ្នំពេញ)៖ ផ្ញើចេញពីកន្លែងប្រជុំសន្និបាតគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ នាព្រឹកថ្ងៃសៅរ៍នេះ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសប្បាយរីករាយក្នុងការសំរាកចុងសប្តាហ៍នេះ ប៉ុន្តែសម្រាប់សម្តេចតេជោ ហ៊ុន សែន មិនបានទៅលេងកីឡានោះទេ នៅចុងសប្តាហ៍នេះ ដោយសារជាប់រវល់ សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ របស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ, បើតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំតែងមានពេលដើម្បីលេងកីឡាខ្លះ ប្រសិនការងារមិនមមាញឹកពេក។ ចុងសប្តាហ៍នេះអត់មានឱកាសទេ បើទោះជាច្បាប់រដ្ឋអនុញ្ញាតនិងភរិយាខ្ញុំផ្តល់ឱកាសហើយក្តី។ គណបក្សប្រជាជនកម្ពុជាត្រូវធ្វើសន្និបាត រយៈពេល២ថ្ងៃ ដើម្បីពិភាក្សាគ្រប់បញ្ហារបស់ប្រទេសជាតិ។ ពីទីកន្លែងប្រជុំខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខនិងសប្បាយរីករាយក្នុងការសំរាកចុងសប្តាហ៍។ រូបថតដែលខ្ញុំជូនទៅជាមួយមានចៅប្រុស ២នាក់ទាត់បាល់ចាញ់ ហើយយំកាលពីថ្ងៃ ៧ មករា ២០១៦កន្លងទៅ»៕