(កណ្តាល)៖ ប្រជាពលរដ្ឋចាស់ជរាក្រីក្រ និងអ្នកបាត់បង់ការងារដោយសារបញ្ហាជំងឺ COVID-19 ជាច្រើនគ្រួសាររស់នៅក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជាច្រើនគ្រួសារបានទទួលអំណោយពីសប្បុរសជន បន្ទាប់ពីពួកគាត់បានស្នើសុំឲ្យអាជ្ញាធរ សប្បុរសជន។
លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ បានឲ្យដឹងថា បញ្ហាប្រជាពលរដ្ឋមានការលំបាកខ្វះខាត អាជ្ញាធរយកចិត្តទុកដាក់ណាស់ គឺមិនឲ្យប្រជាពលរដ្ឋក្រីក្រណាម្នាក់ ដាច់បាយស្លាប់នោះទេ។
កន្លងមកមានប្រជាពលរដ្ឋមួយចំនួន ដែលបានអំពាវនាវស្នើសុំដល់សប្បុរសជន ជួយតាមរយៈសារព័ត៌មាននោះ មិនមែនបានន័យថា អាជ្ញាធរមិនយកចិត្តទុកដាក់ ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញអាជ្ញាធរកំពុងប្រឹងប្រែងស្វែងរកដៃគូសប្បុរសជនជួយពួកគាត់។
ជាក់ស្តែងដូចនៅពេលនេះជាដើម គឺនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ លោកបានរកដៃគូសប្បុរសជននាំយកអំណោយ រួមមាន អង្ក មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកាមួយចំនួនទៀត មកចែកជូនពួកគាត់។ លោកថា បន្ទាប់ពីនេះលោកនឹងខិតខំស្វែងរកសប្បុរសជនផ្សេងទៀត ដើម្បីមកជួយផ្តល់ជាអំណោយជូនពួកគាត់៕