(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានចែកទឹកអាល់កុលលាងដៃជូនកម្មករ សន្ដិសុខ អ្នកបើកម៉ូតូកង់បី អ្នករត់ម៉ូតូឌុប មន្ដ្រីនគរបាល និងប្រជាពលរដ្ឋ នៅមុខបរិវេណសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមរបស់សាលាភូមិន្ទរដ្ឋបាល និងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺ COVID-19។
ក្នុងឱកាសនេះ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ បានចែកទឹកអាល់កុលលាងដៃ ចំនួន២៥០ដប និងមីចំនួន២៥កេស ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។
ជាមួយគ្នានេះ សិស្សមន្ត្រីជាន់ខ្ពស់បានជម្រាបជូនប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលមានដូចជា៖
*ទី១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
*ទី២៖ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ
*ទី៣៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
*ទី៤៖ ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
*ទី៥៖ បរិភោគអាហារដែលចម្អិនឲ្យបានឆ្អិនល្អ
*ទី៦៖ ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
សិស្សមន្រ្តីជាន់ខ្ពស់ ហ៊ន សុខវី បានថ្លែងថា «ថ្ងៃនេះក្នុងនាមសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទបាល ខ្ញុំមានអារម្មណ៍រីករាយ ដែលបានចូលរួមចំណែកជាមួយ នឹងសាលាក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំងឺ COVID-19 ហើយការងារសង្គមនេះ បានធ្វើឲ្យពួកយើងខ្ញុំ ចេះសាមគ្គីគ្នា ចេះជួយគ្នា និងបានចែករំលែកនូវក្ដីស្រឡាញ់ ឬចែករំលែកនូវអ្វីដែលយើងមាន បន្ដិចបន្ដួចទៅដល់បងប្អូនដែលខ្វះខាតក្នុងគ្រាលំបាកនេះ»។
ចំណែកសិស្សមន្រ្តីជាន់ខ្ពស់ កញ្ញា លឹម ព្រហស្បត្តិ៍កូនលក្ខណ បានបញ្ជាក់បន្ថែមថា កញ្ញាពិតជាមានក្ដីរីករាយណាស់ ដែលបានចុះមកចែករំលែកពីរបៀបសំអាតអនាម័យខ្លួន ដើម្បីការពារកុំឲ្យឆ្លងមេរោគកូវីដ១៩នេះ ដល់បងប្អូនប្រជាពលរដ្ឋ។
នៅពេលនោះផងដែរ អ្នករត់រ៉ឺម៉កកង់បី លោក វឌ្ឍនា បានលើកឡើងថា លោកពិតជាអរគុណដល់សិស្សមន្រ្តី និងលោកគ្រូ សាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះ ឡើងបានចែកនូវទឹកអាល់កុលលាងដៃដល់រូបលោកថ្ងៃនេះ។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែមេសា ដើមសប្ដាហ៍មុនមក និងបន្តធ្វើជាបន្តបន្ទាប់ទៀត។ សកម្មភាព សង្គមនេះ ទទួលបានថវិកាគាំទ្រពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំង អតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺ COVID-19៕