(កំពង់ចាម)៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានផ្ដួចផ្ដើមប្រមូលថវិកានៃមន្ត្រីមន្ទីរសុខាភិបាលខេត្ត បានចំនួនជាង៥លានរៀល ផ្តល់ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែក ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងដែរថា កន្លងមកមន្ត្រីសុខាភិបាលបានធ្វើការផ្សព្វផ្សាយសភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណីកូវីដ១៩ នៅក្នុងខេត្តកំពង់ចាម និងបានគ្រប់គ្រងសភាពការណ៍ ដោយចុះស្រង់ស្ថិតិពលករចំណូលស្រុកជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដានអប់រំពីអនាម័យការបង្ការចម្លងមេរោគ ហើយក្នុងករណីសង្ស័យត្រូវដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លងជំងឺនេះក្នុងសហគមន៍។
ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គភាពមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជាពិសេសលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ដែលបានផ្តួចផ្តើមគំនិតរៃអង្គាសថវិការួមគ្នា យកមកផ្តល់ជូនគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបន្តថា សកម្មភាពមនុស្សធម៌ដែលមន្ទីរសុខាភិបាលខេត្តបានធ្វើនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយរំលែកទុក្ខលំបាកការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងការពារទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ និងស្របជាមួយរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋវិស័យឯកជនអង្គការជាតិអន្តរជាតិ និងសប្បុរសជននានា ដើម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃ កូវីដ១៩ផងដែរ៕